ល្បែងស៊ីសង(ក្រុងតាខ្មៅ) ៖ ម្ចាស់ទីតាំងល្បែងស៊ីសងអនឡាញ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការដាក់ពង្រាយល្បែងអនឡាញ ជ្រកក្រោមហាងកាហ្វេ នៅចំណុចទំនប់៦៤ ភូមិសិត្បូសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងនោះថៅកែបនល្បែងអនឡាញនីមួយៗ បានដាក់ឱ្យកូនឈ្នួល ឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ភ្នាល់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែងមកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរៀងរាល់ថ្ងៃ ខណៈលោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សិត្បូ ហាក់ភ្លេចបទបញ្ជារបស់ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម គឺផ្តើមចេញពីល្បែងស៊ីសង។
ជាក់ស្ដែងទីតាំងល្បែងអនឡាញ លោក ស៊ាង រិទ្ធី មេប៉ុស្តិ៍សិត្បូ មិនទាន់ចាត់វិធានការបង្ក្រាបស្ថិតនៅចំណុចទំនប់៩៦ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់ជារៀងរាល់ថ្ងៃ ប៉ុន្តែប្រហែលជាមានអ្វីបាំងភ្នែកសមត្ថកិច្ចមូលដ្ឋាន ជាពិសេសលោកនាយប៉ុស្តិ៍តែម្តង ដែលនៅកៀកនឹងបនល្បែងនោះមិនឃើញ ហើយមិនទាន់បង្ក្រាប។
សូមរំលឹកថា “កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង២៥ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរឬសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។”
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនទាន់បង្ក្រាបទីតាំងបនល្បែងស៊ីសង ដែលបើកលេងនៅមូលដ្ឋានរបស់ខ្លួនឱ្យទាន់ពេលវេលា ផ្គើនទៅនឹងបទបញ្ជារបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា។
ហេតុនេះពលរដ្ឋសង្ឃឹមថាលោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍សិត្បូ លោក យី វណ្ណដា អធិការក្រុងតាខ្មៅ ជាពិសេសឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ដូចបានជម្រាបជូនក្នុងភូមិសាស្ត្រ ឱ្យមានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារ ហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។
ក្រុមការងារបានទំនាក់ទំនងផ្តល់ព័ត៌មានទៅលោកនាយប៉ុស្តិ៍សិត្បូ តាមរយៈប្រព័ន្ធ Telegram លេខ +855 12 403 393 តែលោកចូលមើល និងមិនមានការឆ្លើយតបនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។