បើតាមកម្មវិធីដែលបានគ្រោងទុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នងពីធី ប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីនេះ មានចំនួនសរុប ២ ៣៨៤ នាក់ ក្នុងនោះនារី ១ ០៦៧ នាក់ បានបញ្ចប់ការសិក្សាកាលពីឆ្នាំសិក្សា២០២០-២០២១ និង២០២២កន្លងទៅនេះ។
ជ័យលាភីនេះរួមមាន អធិការអប់រំ ៦៦ នាក់ នារី ១២នាក់ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់ គ្រូបង្រៀន កម្រិតឧត្តម បណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២ ០០៥ នាក់ នារី ៩៣៧ នាក់ គ្រូបង្រៀនកម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានឱ្យដឹងទៀតថា ចាប់ពីក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំ បានពង្រីកវិសាលភាពនៃកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់មានជាអាទិ៍ វគ្គបណ្តុះបណ្តាល ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ វគ្គបណ្ដុះបណ្ដាលអធិការអប់រំ, វគ្គឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ផ្នែកប្រឹក្សាគរុកោសល្យ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) និង (បរិញ្ញាបត្រ+២) វគ្គវិក្រឹតការគ្រូបង្រៀនកម្រិតមូលដ្ឋាន តាមប្រព័ន្ធពន្លឿន ឆ្ពោះទៅកម្រិតបរិញ្ញាបត្រ វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯក ទេសភាសាបារាំង-ខ្មែរ ភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ភាសាអង់គ្លេស-ខ្មែរ វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសបឋមសិក្សា គ្រូឧទ្ទេសភាសាបារាំង-ខ្មែរ, និងគ្រូឧទ្ទេសអធិការអប់រំ។
បើតាមឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា វិទ្យាស្ថានជាតិអប់រំ បានផលិតធនធានមនុស្សសរុប ២៤ ៧៤៦ នាក់ នារី ៧ ៩៤០ នាក់ (ស្មើនឹង ៣២.០៩ភាគរយ)។ បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំបានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដោយបង្កើតឱ្យមានសាលាក្រោយបរិញ្ញាបត្រ មហាវិទ្យាល័យគរុកោសល្យ មជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ និងអង្គភាពគ្រប់គ្រងទូទៅ។ វិទ្យាស្ថានជាតិអប់រំមានដេប៉ាតឺម៉ង់ចំនួន៧ ការិយាល័យចំនួន៦ បណ្ណាល័យចំនួន១ សាលាអនុវត្តន៍ចំនួន២ និងមានគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និងលោកគ្រូ អ្នកគ្រូ សរុប ២៥៤ នាក់ នារី ១០២នាក់៕