ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកអធិការខណ្ឌពោធិ៍សែនជ័យ ម៉ន វុធី ហាក់ដូចជាបណ្តែតបណ្ដោយឱ្យទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែបើកដំណើការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់ខ្លួន

ខណ្ឌពោធិ៍សែនជ័យ៖ ក្រុមអ្នកញៀនល្បែងស៊ីសង កំពុងប្រមូលផ្ដុំគ្នាលេងល្បែងក្នុងទីតាំងលក់បាយមួយកន្លែងក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ចំណែកលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ  ហាក់ភ្លេចបទបញ្ចាថ្នាក់ដឹកនាំ និងឆន្ទៈរបស់ខ្លួន បណ្តែតបណ្ដោយឱ្យល្បែងស៊ីសងខុសច្បាប់ កំពុងតែដំណើការយ៉ាងរលូនក្នុងមូលដ្ឋានរបស់ខ្លួន។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ! ជាក់ស្តែងល្បែងស៊ីសងដែលកំពុងតែប្រមូលផ្ដុំគ្នាលេងនេះស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមអ្នកញៀនល្បែងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្តិចសោះឡើយពីសំណាក់អស់លោក អជ្ញាធរមូលដ្ឋានទាល់តែសោះ។

ប្រជាពលរដ្ឋសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយមាន់ជល់តាមអនឡាញខាងលើ ព្រោះជាហេតុនាំឱ្យកើតមានបទល្មើសផ្សេងៗកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។

ហេតុដូច្នេះ ប្រជាពលរដ្ឋសង្ឃឹមថា លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលបានជម្រាបជូនខាងលើនេះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដើម្បីរក្សាឱ្យបាននូវលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

សូមបញ្ជាក់ថា “ល្បែងស៊ីសង គឺជាដើមចមនៃបញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម”

ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។