ខេត្តព្រះសីហនុ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិត ក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចែក សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលរួមអបអរសាទរជា មួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៥២៥អង្គ/នាក់ ដែលត្រូវទទួលសញ្ញា បត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង បន្ទាប់ពីការយក ចិត្តទុកដាក់រៀនសូត្រ និងការជម្នះរាល់ការលំបាកនានាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ភាពជោគ ជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាងពី សំណាក់ក្រុមគ្រួសារ អាណាព្យាបាល ក៏ដូចជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិក សិក្សាទាំងអស់ ក្នុងនាមជាកម្លាំងសរុបវិញចូលគ្នាជាធ្លុងមួយជួយជំរុញឱ្យទទួល បាននូវ សមិទ្ធផលធនធានមនុស្សទាំងអស់នេះ។ ការវិនិយោគលើវិស័យអប់រំ គឺជាការ ចូលរួម ចំណែកក្នុងការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ជាគុណវុឌ្ឍិផ្នែក ខាងក្នុងរបស់មនុស្ស ដែលជាទ្រព្យធនដ៏មានសារៈសំខាន់ចំបាច់ បំផុតសម្រាប់ប្រទេស ជាតិនីមួយៗ។
ក្នុងន័យនេះ សូមកោតសរសើរដល់សាកលវិទ្យាល័យ UME ដែលបានវិនិយោគលើ វិស័យអប់រំក្នុងរយៈកាល ២៥ឆ្នាំកន្លងមកនេះ ដោយបានអភិវឌ្ឍន៍ខ្លួនឈានឡើងជា បន្តបន្ទាប់ រហូតមានវត្តមាននៅក្នុងខេត្តចំនួន៦ នៅទូទាំងប្រទេស ដែលនេះ គឺជាការចូលរួម ចំណែកមិនអាចខ្វះបានជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាសម្រេចទិសដៅនៃការអភិវឌ្ឍ វិស័យអប់រំដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើន លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការដែលឃើញនូវដំណើរការដោយរលូន នៃកម្មវិធី បើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺជាមោទកភាពដ៏វិសេសវិសាល បំផុតក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ហើយជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងអំពីការ រួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ នៅក្នុងការបង្ហាញប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជា អំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេល បច្ចុប្បន្ន រួមទាំងអំពីទឹកចិត្តដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរយើងក្នុងការទទួលស្វាគមន៍ រាក់ទាក់ ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី។
ជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួន, ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានបង្ហាញនូវភាព លេចធ្លោលើទិដ្ឋភាពចំនួន២សំខាន់ៗគឺ៖ ទី១. គឺការដឹកនាំ និងការរៀបចំគ្រប់សកម្មភាព ពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងការប្រកួតប្រកបដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងទំនុក ចិត្ត ស្របតាមកម្រិតស្តង់ដារកំណត់របស់ក្រុមប្រឹក្សាសហព័ន្ធកីទ្បាអាស៊ីអាគ្នេយ៍ និងទី២. គឺសមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅក្នុងវិស័យកីឡា ត្រូវបានលើកកម្ពស់ជា លំដាប់គួរឱ្យកត់សម្គាល់។
ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នេះ គឺចំនួនមេដាយដែល កម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯតទគ្គកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត។ វឌ្ឍនភាពនេះ មិនមែនជាការចៃដន្យ នោះទេ ប៉ុន្តែវាជាផ្លែផ្កាដែលកើតឡើងក្រោមបរិស្ថានអំណោយផលនៃសុខសន្តិភាព-ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា។
ដូចគ្នានេះ វិនិយោគិនបរទេសក៏មានការរំពឹងទុកតែមួយផងដែរ ចំពោះការសម្រេច ចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយទី១. ត្រូវពិនិត្យមើលលើកត្តាសន្តិភាព-ស្ថិរភាព និងទី២.កម្រិតសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលត្រូវមានជំនាញបម្រើឱ្យ ដំណើរ ការផលិតកម្មក្នុងគម្រោងវិនិយោគរបស់ពួកគេ។ សូមសិស្ស-និស្សិតកម្ពុជា គ្រប់រូបត្រូវខិតខំ យកចិត្តទុកដាក់សិក្សារៀនសូត្រទាំងលើជំនាញរឹង និងជំនាញទន់ ឱ្យមានគុណវុឌ្ឍិ ពិតប្រាកដច្បាស់លាស់ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សរបស់កម្ពុជា ដែលនឹងដើរតួ នាទីសំខាន់នៅក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិយើង ក្នុងចរន្តសាកលភាវូបនីយកម្ម និងការចាប់យកនូវសក្តានុពលថ្មីៗបម្រើឱ្យការកសាង អភិវឌ្ឍន៍ប្រទេស នៅពេលខាងមុខ៕