បទល្មើស ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!

 

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មានករណីក្មេងស្ទាវមួយក្រុម ប្រមាណ១៤នាក់ ជិះម៉ូតូចំនួន ០៧គ្រឿង ប្រដាប់ដោយ ដាវ កាំបិត និងផ្គាក់ បានធ្វើសកម្មភាពកាប់លើជនរងគ្រោះត្រូវចំនួន ២កន្លែង ត្រង់ខ្នង និង មុខ (មុតរយះដេរចំនួន២៤ថ្នេរ) ព្រមទាំងកាប់លើម៉ូតូមិត្តភក្តិរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំផងដែរ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលទទួលបានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ ឈ្មោះ ឡៃ មករា ភេទប្រុស អាយុ១៩ឆ្នាំ នាំយកមកមូលដ្ឋានខណ្ឌ និងធ្វើការស្តាប់ចម្លើយតាមនីតិវិធី។
ជនសង្ស័យបានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ខ្លួន និងបក្ខពួកជាច្រើននាក់ទៀត ពិតជាបាននាំគ្នាដេញកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកបក្ខពួកដែលរត់គេច សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕