ក្រុមកីឡាបាល់ទាត់បុរសកម្ពុជា បានប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ាដោយពិន្ទុ២ទល់០ នៅក្នុងការប្រកួតនៃវគ្គជម្រុះពូល A នៃការប្រកួតព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅលើទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមកីឡាបាល់ទាត់កម្ពុជាបានជួបប្រកួតជាមួយក្រុមមីយ៉ាន់ម៉ាសម្រាប់ជុំចុងក្រោយនៃវគ្គជម្រុះពូល A ។
ចាប់តាំងពីការប្រកួតចាប់ផ្តើម ក្រុមបាល់ទាត់មីយ៉ាន់ម៉ាហាកសម្រុកខ្លាំងទៅលើដៃគូប្រកួតកម្ពុជា និងមានឱកាសស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ តែត្រូវក្រុមកម្ពុជាទប់ជាប់ និងវាយបកទៅវិញ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់ដំបូងឱ្យក្រុមខ្លួន។
ការប្រកួតដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ បានធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកញ្រ្ជៀវយ៉ាងកងរំពងដើម្បីជាលើកទឹកចិត្តដល់កីឡាករ ហើយនៅទីបំផុត កីឡាករមីយ៉ាន់ម៉ាឈ្មោះ Hein Htet Aung ពាក់លេខ១០ បានរកគ្រាប់ដំបូងឱ្យក្រុមរបស់ខ្លួននៅនាទីទី១២ ដែលធ្វើឱ្យក្រុមមីយ៉ាន់ម៉ានាំមុខក្រុមកម្ពុជា ១ទល់០។ បន្ទាប់ពីរកគ្រាប់បាល់ដំបូងបានហើយ ក្រុមមីយ៉ាន់ម៉ានៅតែបន្តវាយសម្រុកទៅលើក្រុមកម្ពុជាដោយក្រុមកម្ពុជាក៏មិនបន្ធូរដៃដែររហូតមានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងកីឡាករក្រុមទាំងពីរ។ នៅនាទីទី៣៨ កីឡាករមីយ៉ាន់ម៉ា Thet Hein Soe ពាក់លេខ៣ បានរកគ្រាប់បាល់ទីពីរឱ្យក្រុមរបស់ខ្លួនដោយប្រើក្បាច់ផ្កាប់ចាន ដោយធ្វើឱ្យចប់តង់ទីមួយ ក្រុមមីយ៉ាន់ម៉ានាំមុខកម្ពុជា ២ទល់០។
នៅក្នុងតង់ទីពីរ បើទោះជាក្រុមមីយ៉ាន់ម៉ានាំមុខ២គ្រាប់ហើយក៏ដោយ ក៏ក្រុមកីឡាករបាល់ទាត់កម្ពុជាមិនបាក់ទឹកចិត្តនោះទេ ដោយពួកគេនៅតែខិតខំប្រឹងប្រែងលេងបានយ៉ាងល្អ ក្រុមសំឡេងហ៊ោគាំទ្រពីសំណាក់អ្នកគាំទ្រដែលកំពុងទស្សនាផ្ទាល់នៅឯទីលានប្រកួត។ ការប្រកួតជាមួយក្រុមកម្ពុជាក្នុងតង់ទីពីរនេះ ក្រុមមីយ៉ាន់ម៉ាហាក់លេងបានល្អជាងការប្រកួតមុនៗជាមួយក្រុមសិង្ហបុរី និងក្រុមហ្វីលីពីន ខណៈដែលការលេងរបស់ក្រុមកម្ពុជាហាក់មានការថមថយបន្តិចដែលធ្វើឱ្យក្រុមមីយ៉ាន់ម៉ាមានឱកាសច្រើនក្នុងការស៊ុតបាល់បញ្ចូលទី។ ការប្រកួតបន្តរហូតដល់ចប់តង់ទីពីរ ក្រុមទាំងពីរនៅតែមិនអាចរកគ្រាប់បាល់រៀងៗខ្លួន។
ចប់ការប្រកួត ក្រុមបាល់ទាត់កម្ពុជាចាញ់ក្រុមមីយ៉ាន់ម៉ាក្នុងលទ្ធផល ២ទល់០ ដោយក្រុមកម្ពុជានៅតែមានស្ថិតក្នុងលំដាប់ទី៣ ដដែលនៅក្នុងពូល A ជាមួយនឹងពិន្ទុ៤ សម្រាប់ការប្រកួតចំនួន ៣លើក៕