ព័ត៌មានជាតិ

​ឥណ្ឌូនេស៊ីចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឯកអគ្គរដ្ឋទូត Santo Darmosumarto ។ កិច្ចប្រជុំនេះផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌូនេស៊ី និងបានកោតសរសើរចំពោះការចូលរួមរបស់ឥណ្ឌូនេស៊ី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) នៅខេត្តសៀមរាបកាលពីសប្តាហ៍មុន ដែលដឹកនាំដោយប្រធានទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិរបស់ឥណ្ឌូនេស៊ី។

ឯកឧត្តម Darmosumarto ​បានបញ្ជាក់ពីបេសកកម្មចំនួនបួនក្នុងអាណត្តិរបស់ឯកឧត្តមនៅកម្ពុជា ពោលគឺ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោត​លើយុវជន និង​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ជាមួយកម្ពុជា ពិសេស​ក្នុងក្រប​ខ័ណ្ឌអាស៊ាន, និងការពារពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងធ្វើការនៅកម្ពុជា។

ឯកឧត្តម Darmosumarto ​បានកោតសរសើរកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AMMSTI-20 ប្រកបដោយជោគជ័យ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិ​បត្តិការ​បន្ថែម​ជាមួយកម្ពុជា។ ឯកឧត្តមបានស្នើចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើ​បរិវត្ត​កម្ម​ឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការអប់រំវិជ្ជា​ជីវៈ​សម្រាប់ឧស្សាហកម្ម, និងកិច្ចសហប្រតិបត្តិការមន្ទីរពិសោធន៍ ដើម្បីធានាថា​ផលិតផលបំពេញ​តាមស្តង់​ដារ​ទីផ្សារក្នុងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការចុះអនុស្សរណៈ​នៃការយោគយល់​គ្នា​នេះ។ ឯកឧត្តមបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋ​កិច្ចកម្ពុជា ដោយរំលេចយុទ្ធសាស្ត្រជាតិស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមអាចឈានចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ ដូច​ជា​ការគាំពារសង្គម និងឱកាសអភិវឌ្ឍន៍ជំនាញជាដើម។

ឯកឧត្តមបានបន្ថែមថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥០.០០០ អង្គភាព ខណៈ​ប្រទេសឥណ្ឌូនេស៊ី​មាន​ប្រមាណ ៦៥ លានអង្គភាព ដែលនេះបង្ហាញពីឱកាស​ដើម្បីកម្ពុជាដកស្រង់បទពិសោធន៍​ដ៏ទូលំទូលាយ​របស់​ឥណ្ឌូនេស៊ី។

ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បំណងប្រាថ្នារបស់កម្ពុជា​ក្នុង​ការផ្លោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ដោយរំលឹកថា៖ “កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសហការបង្កើត និង​ដឹក​នាំគម្រោងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន ដូច្នេះយើងមានឱកាស​ច្រើនក្នុងការសហការគ្នា លើ​វិស័យ​នេះ។”

ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងប្រែក្លាយមន្ទីរ​ពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ខ្លួន ឱ្យទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ដើម្បី​គាំទ្រវិស័យឯកជនកាន់តែប្រសើរ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ស្របតាមគោលដៅសុខដុមនីយកម្មស្តង់ដារអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យបង្កើតសម្ព័ន្ធភាពមន្ទីរពិសោធន៍​រវាង​មន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសម្រួល​ដល់​ការ​ទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃការធ្វើតេស្ត និងលទ្ធផលមន្ទីរពិសោធន៍នៅទូទាំង​តំបន់អាស៊ាន។

ឯកឧត្តម​រដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសហ​គ្រាស​ធុនតូច និងមធ្យម និងធុរកិច្ចថ្មី តាមរយៈគំនិតផ្តួចផ្តើមដូចជាសហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្តុះ​ធុរ​កិច្ច​ថ្មី “តេជោ” និងយន្តការផ្តល់ហិរញ្ញប្បទានផ្សេងៗទៀត។

ប្រទេសឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី៦របស់កម្ពុជា ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគ​ឥណ្ឌូនេស៊ី​ឱ្យពិចារណាវិនិយោគ និងបង្កើតរោងចក្រនៅកម្ពុជា។