ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលើកឡើងថា ការរៀបចំមជ្ឈមណ្ឌលព័ត៌មាន សម្រាប់អ្នកព័ត៌មានគឺមានភាពរលូនល្អ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា ការរៀបចំសម្រាប់អ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបើកដំណើរការរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមានភាពរលូនល្អ និងមិនមានបញ្ហាអ្វីនោះទេ។

នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលព័ត៌មានកណ្ដាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)បានថ្លែងថា ការរៀបចំមជ្ឈមណ្ឌលព័ត៌មានជាតិ និងអន្តរជាតិ គឺមិនមានបញ្ហាអ្វីនោះទេ សម្រាប់អ្នកសារព័ត៌មានទាំងជាតិ និងអន្ដរជាតិ គឺមានភាពល្អប្រសើរ ពោលគឺដូចការរៀបចំពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។

ឯកឧត្ដមបានគូសបញ្ជាក់ថាប៉ុន្តែសម្រាប់ការរៀបចំផ្នែកកីឡាគឺមានភាពខុសគ្នាដោយសារកីឡាខ្លះគេមានការងារត្រូវធ្វើសម្រាប់តាមអត្ដពលិកកីឡាប្រទេសនីមួយៗ ដូចជាពិធីបើក ពិធីបិទ ឬកីឡាបាល់ទាត់ត្រូវកំណត់ចំនួនអ្នកសារព័ត៌មានដើម្បីចូលយកព័ត៌មានប្រព្រឹត្ដទៅដោយមានភាពរលូន និងមិនប៉ះពាល់ដល់អ្នករៀបចំថែមទៀត។

ឯកឧត្តមប្រតិភូបានបញ្ជាក់ថា ក្រៅពីការរៀបចំសម្រាប់អ្នកសារព័ត៌មានចូលយកព័ត៌មានបានល្អ និងមិនប៉ះពាល់ដល់អ្នករៀបចំនោះទេ តែវាថែមមិនធ្វើឱ្យទើសចិត្តដល់ទស្សនិកជនដែលចូលទស្សនាកម្មវិធីកីឡាក៏ដូចជាពិធីបិទ ឬក៏ពិធីបើកថែមទៀត។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «អីចឹងការរៀបចំរបស់យើងនៅទីនេះយើងមានមជ្ឈមណ្ឌលសារព័ត៌មានធំមួយហើយយើងមានមណ្ឌលព័ត៌មាននៅតាមសំខាន់ៗផ្សេងទៀតដូចជានៅOCIC ឬនៅស្តាតមរតតេជោ ហើយក៏មាននៅតាមទីកន្លែងផ្សេងទៀតផងដែរ។ ជាងនេះក៏មានទីតាំងសម្រាប់ អ្នកព័ត៌មានតាមខេត្តផងដែរ ប៉ុន្តែនៅខេត្តខ្លះវិញ្ញាសាកីឡាបានចប់ហើយ។ តែនៅខេត្តខ្លះនឹងចាប់ផ្តើមដូចជាខេត្តកំពត នឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែឧសភាខាងមុខ»។

ជាមួយគ្នានោះដែរឯកឧត្តមប្រតិភូ ក៏បានបន្ថែមថា ចំពោះការរៀបចំអាហារសម្រន់សម្រាប់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ គឺបានប្រព្រឹត្តទៅដោយរលូនទាំងអស់ លើកលែងតែចំណុចខ្វះខាតតិចតួចដែលគិតថាដែលមិនចៀសរួចនោះទេ ហើយសម្រាប់កម្ពុជាជាលើកដំបូងដែលរៀបចំព្រឹត្តិការណ៍កីឡាធំបែបនេះ។

សូមជម្រាបជូនថា សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដែលបានចុះឈ្មោះចូលរួមក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសរុបជាង ២ ០០០ នាក់ ដែលភាគច្រើនមកពីបណ្ដាប្រទេសអាស៊ាន។ ក្នុងចំណោមអ្នកសារព័ត៌មានដែលចូលរួមមកពីប្រទេសអាស៊ាន ក្នុងនោះ អ្នកសារព័ត៌មានមកពីប្រទេសវៀតណាមបានចុះឈ្មោះចូលរួមច្រើនជាងគេ ដែលមានប្រមាណជិត៥០០នាក់៕