ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងសង្គមស៊ីវិល បើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តកោះកុង

ខេត្តកោះកុង៖ ក្រសួងបរិស្ថាន និងសង្គមស៊ីវិលបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តកោះកុង ដើម្បីឱ្យពលរដ្ឋងាកពីការដាក់អន្ទាក់ចាប់សត្វ មកចេះអភិរក្សសត្វព្រៃវិញ។

យុទ្ធនាការអន្ទាក់សូន្យ រៀបចំឡើងនៅក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង ថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានអ្នកចួលរួមជាប្រមាណ ៥០០នាក់។

ការបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ បន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈ នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តមណ្ឌលគិរី, រតនគិរី, ក្រចេះ, ស្ទឹងត្រែង, កំពង់ធំ, និងខេត្តព្រះវិហារកាលពីឆ្នាំ២០២២។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើង ដើម្បីបង្កើនការអប់រំផ្សព្វផ្សាយដល់សាធារណជន អំពីសារៈសំខាន់សត្វព្រៃ តួនាទីរបស់ពួកវាក្នុងប្រព័ន្ធអេកូឡូស៊ី បញ្ហាប្រឈម វិបត្តិនៃអន្ទាក់ និងការអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត លើការការពារសត្វព្រៃ និងគ្រប់ គ្រងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្ដម នេត្រ ភក្ត្រា បានបញ្ជាក់ថា «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀត ដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុត ដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃសហគមន៍មូលដ្ឋានរបស់យើង »។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្រសួងបរិស្ថានបានជំរុញ ឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះ សុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្ត និងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត។

លោកJohn Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ទៅលើតួនាទីរបស់ព្រៃឈើក្នុងការទប់ទល់ទៅនឹងភាពបម្រែបម្រួលអាកាសធាតុ និងអាចជួយទាក់ទាញភ្ញៀវទេសចរ។ លោក John Willis បានគូសបញ្ជាក់ថា « អ្នកប្រមាញ់សត្វព្រៃដោយការដាក់អន្ទាក់ អាចទទួលបានអត្ថប្រយោជន៍ រយៈពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែនាំផលវិបាកដល់អ្នកផ្សេងទៀតនៅក្នុងសហគមន៍ ។ អន្ទាក់ជះឥទ្ធិពលអាក្រក់ទៅលើប្រាក់ចំណូល ពីការលក់ឥណទានកាបូន និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងសកម្មភាពអេកូទេសចរណ៍ ដែលបង្កើតប្រាក់ចំណូលនៅតាមជនបទ។ អន្ទាក់ប្រៀបបានទៅនឹងមីនសម្រាប់សត្វព្រៃ ដោយសារអន្ទាក់ជាឃាតករសម្លាប់មិនរើសមុខ។ អន្ទាក់ថែមទាំងបំផ្លាញដល់ឱកាសមុខរបររកស៊ី និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារដែលមិនប្រព្រឹត្តសកម្មភាពដាក់អន្ទាក់ផងដែរ »។

ចំណែកលោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា « ដើម្បីបង្កើនចំនួនសត្វព្រៃ និងទប់ស្កាត់ការបាត់បង់ពូជសត្វព្រៃ ដែលបណ្តាលមកពីការដាក់អន្ទាក់ និងការបរបាញ់ ទាមទារនូវការផ្លាស់ប្តូរយុទ្ធសាស្រ្តអភិរក្ស និងកិច្ចអន្តរាគមន៍ ដែលមិនធ្លាប់មានពីមុនមក តាមរយៈវិធីសាស្ត្រទំនើប ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ » ។

លោកបានបន្ថែមទៀតថា « យើងត្រូវផ្តល់ជម្រកសុវត្ថិភាពមួយដល់សត្វព្រៃ ហើយវាក៏ជាទីកន្លែងមួយដែលជីវចម្រុះ ត្រូវផ្តាច់ចេញពីការគំរាមកំហែង គ្រប់សកម្មភាពរបស់មនុស្ស ព្រមទាំងជាតំបន់មួយ ដែលមានការគ្រប់គ្រងដោយមានប្រសិទ្ធភាពខ្ពស់ផងដែរ »។

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ មានប្រសាសន៍ថា « ការបញ្ឈប់ទម្លាប់នៃការដាក់អន្ទាក់ដ៏គ្រោះថ្នាក់ នឹងនាំមកនូវផលប្រយោជន៍យូរអង្វែងចំពោះសត្វព្រៃ ទីជម្រក និងប្រជាជន។ យើងរួមគ្នាការពារជីវចម្រុះដ៏អស្ចារ្យ របស់ប្រទេសកម្ពុជានិងលើកស្ទួយជីវភាពសហគមន៍ និងសុខភាពសាធារណៈ ដែលធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន » ៕