ព័ត៌មានជាតិ

ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព”

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទចូលរួម ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាកខេត្ត និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងគ្រឹះស្ថានអង្គរ តំណាងរដ្ឋបាលសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប តំណាងសមាគមទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ប្រមាណជាង ១០០០នាក់។

សូមបញ្ជាក់ថា ក្បួនដង្ហែនេះចែកចេញជា ១២ ផែន រួមមានៈ ផែនឆៃយាំ ផែនព្រាបសន្តិភាព ផែនក្រុមភ្លេងបុរាណ ផែនមន្ត្រីរាជការ ក្រុមនារីស្លៀកសំលៀកបំពាក់តាមព័ណ៌តាមថ្ងៃ ផែនក្លឹបបណ្តុះបណ្តាលសិល្បៈខ្មែរអង្គរ ផែនប្រតិបត្តិករណ៍ទេសចរណ៍ ផែនល្បុកត្តោ ផែនសិល្បៈល្ខោនខោល ផែនរបាំក្ងោកពោធិ៍សាត់ ផែនស្គរស្ត្រីមេធា ផែនក្រុមរ៉ឺម៉កកង់បី និងឡាន។ ទន្ទឹមនឹងនេះក៏មានការរៀបចំស្តង់ម្ហូបខ្មែរចំនួន ១២ ស្តង់ សម្រាប់ចែកជូនភ្ញៀវទេសចរភ្លក់ដោយឥតគិតថ្លៃ នៅចំណុចចាប់ពីហាងកាហ្វេ Starbuck មកដល់ភោជនីយដ្ឋាន Red Piano (ផាប់ស្ទ្រីត) ។