ព័ត៌មានជាតិ

កិច្ចពិភាក្សាលើការងារផលិត និងការផ្សព្វផ្សាយការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយក អគ្គនាយក ដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានដឹកនាំកិច្ចប្រជុំជាមួយ តំណាងស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ ដើម្បីពិភាក្សាគ្នាក្នុងការបែងបែង តួនាទីភារកិច្ច លើការផលិត និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ផុស សុវណ្ណ បានគូសបញ្ជាក់ថា សម្រាប់ដំណើរឆ្ពោះទៅ ទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានបារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺមាន គោលបំណងបែងចែកថាតើ ស្ថានីយទូរទស្សន៍ណាខ្លះ អាចចូលរួមផលិតការប្រកួត កីឡា អាស៊ានប៉ារ៉ាហ្គេមលើប្រភេទកីឡាណាបានខ្លះ។ «ការងារនេះមានការផលិត និងការ ផ្សព្វផ្សាយ ដោយការផ្សព្វផ្សាយយើងមានស្ថានីយច្រើនអាចចូលរួមផ្សព្វផ្សាយបាន ប៉ុន្តែ ស្ថានីយទូរទ្សន៍ដែលអាចមានលទ្ធភាពផលិតគឺមានចំនួនកំណត់។ ដូច្នេះហើយទើប កិច្ច ប្រជុំនេះ ភាគីទាំងអស់បានរួមគ្នាពិភាក្សាគ្នាថាតើមានការចូលរួមផលិតយ៉ាងណាខ្លះ ដើម្បីឱ្យ មានភាពជោគជ័យដូចការផលិតផ្សព្វផ្សាយការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបបញ្ចប់ថ្មីៗនេះ»។

ឯកឧត្តម ផុស សុវណ្ណ បញ្ជាក់ជូនថា សម្រាប់សមត្ថភាពក្នុងការផលិតរបស់ស្ថានីយ ទូរទស្សន៍ក្នុងស្រុកគឺមានគ្រប់គ្រាន់ទាំងអស់ ដោយឯកឧត្តមបានអះអាងបែបនេះ គឺដោយ សារស៊ីហ្គេម កន្លងទៅនេះ គឺភាគច្រើនផលិតករក្នុងស្រុក ដោយគ្រាន់តែ មានការចង្អុល បង្ហាញ និងកិច្ចសហការខ្លះៗពីអ្នកជំនាញមកពីក្រៅប្រទេស។ ឆ្លងកាត់បទពិសោធន៍ស៊ីហ្គេម ថ្មីៗនេះ គឺយើងបានពិភាក្សាគ្នាជាមួយអ្នកជំនាញក្រៅប្រទេស ហើយបានវាយតម្លៃបានថា ស្ថានីយទូរទស្សន៍ជាតិ និងឯកជនក្នុងស្រុកច្បាស់ជាផលិតបានល្អ ដូចគ្នានឹងស៊ីហ្គេម ផងដែរ។

ជុំវិញការអត្ថាធិប្បាយសម្រាប់ការផ្សាយផ្ទាល់លើប្រភេទកីឡានីមួយៗវិញ ឯកឧត្តម ផុស សុវណ្ណ គូសបញ្ជាក់ដែរថា ឆ្លងកាត់តាមរយៈស៊ីហ្គេម កន្លងទៅនេះ គឺសហព័ន្ធកីឡាជាតិ នីមួយៗអាចផ្តល់មន្ត្រីជំនាញរបស់ខ្លួន ដែលមានវ័យចំណាស់អាចមកជួយអត្ថាធិប្បាយបាន។ ចំណុចនេះមិនមានបញ្ហាចោទខ្លាំងពេកទេ បើទោះបីជាស៊ីហ្គេម លើកទី៣២ មានបញ្ហា ប្រឈមតិចតួចក្តីលើការអត្ថាធិប្បាយការផ្សាយផ្ទាល់ក្តី ក៏បទពិសោធន៍នេះយើងអាចដោះ ស្រាយបាន។

ងាកមកលើការរៀបចំមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC) និងមជ្ឈមណ្ឌល ព័ត៌មានកណ្តាល (MPC) កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេ លើកទី៣២ វិញថាតើជោគជ័យ កម្រិតណា ដែលត្រង់ចំណុចនេះឯកឧត្តមបានសង្កត់ធ្ងន់ថា «ចំពោះភាពជោគជ័យ ឬមិន ជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បញ្ចប់ថ្មីៗនេះ គឺយើងអាចមើលទៅលើ លទ្ធផលលើការផ្សព្វផ្សាយទូរទស្សន៍ក្នុងស្រុក ឬស្ថានីយផ្សព្វផ្សាយទាំងអស់នៅលើ ពិភពលោកឃើញអំពីទិន្នផលយ៉ាងម៉េចវិញ។ ជាក់ស្តែងដូចជាគុណភាពរូបភាពច្បាស់ល្អ ហើយយើងអាចវាយតម្លៃថាជោគជ័យ ឬមិនជោគជ័យបានហើយ ពីព្រោះការផ្សព្វផ្សាយ នេះបានឆ្លងកាត់ IBC យើងទាំងអស់ រួមទាំងពិធីបើក-បិទស៊ីហ្គេម និងរួមទាំងការប្រកួតកីឡា សំខាន់ៗមួយចំនួនទៀត»។

ជាចុងក្រោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរូបនេះបានអំពាវនាវឱ្យស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ ចូលរួមជួយ ផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជាឱ្យបានផុសផុល ហើយសូមចៀសវាងការផ្សព្វផ្សាយនូវព័ត៌មានអវិជ្ជមានមួយចំនួន ដែលនាំឱ្យមានបញ្ហា ប្រឈមដល់ព្រឹត្តិការណ៍កីឡា ឬបំបាក់ស្មារតីកីឡា។ សូមចូលរួមលើកទឹកចិត្តកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះជាការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ តំបន់ជាលើក ដំបូង ដូច្នេះយើងមានបញ្ហាប្រឈមតិចតួច ដូចជាការរៀបចំផ្តល់សំបុត្រ ចូលទស្សនាជាដើម ដែល នេះឯកឧត្តមស្នើសុំឱ្យមានការយោគយល់ អត់ធ្មត់ និងចូលរួមជួយជ្រោមជ្រែងទាំងអស់ គ្នាលើការទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាជាលើកដំបូងនេះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវដំណើការជា ផ្លូវការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយមាន១៣ ប្រភេទកីឡា បូកនឹងប្រភេទកីឡាសម្តែងមួយ គឺប្រភេទកីឡាអេឡិចត្រូនិក៕