ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ បន្តអំពាវនាវឱ្យកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នាពេលខាងមុខ ត្រូវគោរពច្បាប់ ក្រឹត្យក្រម និងវិធាននៃការប្រកួតឱ្យបានហ្មត់ចត់ ហើយកុំភ្លេចថា យើងជាម្ចាស់ផ្ទះ ទោះបីជាចាញ់ ឬឈ្នះ យើងត្រូវទទួលយកលទ្ធផលនៃការប្រកួត។ ការអំពាវនាវរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី អស៊ានប៉ារ៉ាហ្គេមលើកទី១២ នារសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំៗ០២៣ នៅវិមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ស្នើឱ្យស្ថានីយទូរទស្សន៍នានា ត្រូវចូលរួមផ្សព្វផ្យាយនូវព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ឱ្យបានទូលំទូលាយ ដូចដែលធ្លាប់បានធ្វើក្នុងការផ្សព្វផ្យាយការប្រកួតកីឡាស៊ីហ្គេមនាពេលកន្លងទៅ ដូចជា ការផ្សាយបន្តផ្ទាល់ចញពីការប្រកួតលើវិញ្ញាសានីមួយៗចេញពីទីតាំងផ្សេងៗដែលត្រូវរៀបចំប្រកួត។ ជាងនេះទៀត ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវរម្លឹកបញ្ហានេះជាមួយបណ្ដាញទូរទស្សន៍នានា ដើម្បីចាប់យកមកផ្សាយសម្រាប់ការប្រកួតវិញ្ញាសានីមួយៗ ដើម្បីធ្វើឱ្យពិភពលោកស្គាល់កម្ពុជាតារយៈកិច្ចខិតខំប្រឹងប្រែងរបស់យើង ដែលក្នុងនោះ គេនឹងស្គាល់កម្ពុជា តាមរយៈស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
សម្ដេចតេជោ ហ៊ុន សែនបានគូសបញ្ជាក់ថា លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជាចាយមិនអស់នោះទេ ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ដែល បានក្លាយជាប្រធានបទនៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនានា រួមទាំងសារព័ត៌មានធំៗនៅលើពិភពលោក ដូចជា CNN Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនានាជាច្រើនទៀត។ ជាងនេះទៀត សម្តេចតេជោ បញ្ជាឱ្យឆ្លាក់ទុកនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមាន ឈ្នះ ឈ្នះ ដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ផងដែរ។
សម្តេចតេជោ ក៏បានផ្ដាំផ្ញើដល់អត្តពលិក ដែលចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាង ឱ្យប្រជាជន ១៧ លាននាក់នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃការប្រកួត។
ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម តែងតែរៀបចំឡើងរៀងរាល់ ពីរឆ្នាំ ម្តង ដូចទៅនឹងកីឡាស៊ីហ្គេមផងដែរ។ នៅឆ្នាំ២០១៩ ដែលប្រទេសហ្វីលីពីន គ្រោងធ្វើម្ចាស់ផ្ទះ និងឆ្នាំ២០២២ ប្រទេសវៀតណាមគ្រោង ធ្វើជាម្ចាស់ផ្ទះ ត្រូវបានខក ខាន ដោយសារវិបត្តិ COVID-19 គឺអាស៊ានប៉ារ៉ាហ្គេមលើកទី១០ និងលើកទី ១១។
ក្នុងស្ថាន ភាពនេះ ប្រទេសឥណ្ឌូណេស៊ី ក៏ទទួលយកធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើក ទី១១ កាលពីខែកក្កដា និងសីហា ឆ្នាំ២០២២។ ឯកឧត្ដមបានឱ្យដឹងបន្តថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជានេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំកីឡាករចំនួន ១៧៦នាក់ កីឡារិនីចំនួន ៧៦នាក់ សរុបអត្តពលិកចំនួន ២៥២នាក់ គ្រូបង្វឹក និងគ្រូជំនួយចំនួន ៧០នាក់ ថ្នាក់ដឹក នាំចំ នួន ១៦នាក់ គ្រូពេទ្យចំនួន ១នាក់ អ្នកដឹកនាំក្រុមចំនួន ៤នាក់ និងនាយបេសកកម្មចំនួន ១នាក់ នាយបេសកកម្មរង ៣នាក់។ ក្នុងចំណោមអត្តពលិកជនពិការទាំង ២៥២នាក់ មានជនពិការភ្នែក ៣២នាក់ ស្រី ៦នាក់ ចលករខួរក្បាល ២៣នាក់ ស្រី ៥នាក់ ពិការសតិបញ្ញា ៤នាក់ ស្រី ១នាក់។ អត្តពលិកជនពិការកម្ពុជា ចូលរួមប្រកួតលើវិញ្ញាសារសរុបចំនួន ២៦១វិញ្ញាសា ក្នុងនោះវិញ្ញាសា បុរសចំនួន១៦០ វិញ្ញាសារនារីចំនួន៨០ វិញ្ញាសាគូចម្រុះចំនួន ៦ វិញ្ញាសារក្រុមចំនួន ១៣។ ឯកឧត្ដម យី វាសនា បានឱ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជា បានចូលរួមទាំង ១៣ប្រភេទកីឡា និងមួយប្រភេទកីឡាបង្ហាញ E-Sort។ កីឡាទាំង១៣ប្រភេទ រួមមាន អត្តពលកម្មជនពិការ ហែលទឹកជនពិការ វាយកូនឃ្លីលើតុជនពិការ លើកទម្ងន់ជនពិការ បាល់ទះអង្គុយ បាល់បោះជនពិការភ្នែក បាល់បោះរទេះ បាល់ទាត់ជនពិការចលករខួរក្បាល បាល់ទាត់ជនពិការភ្នែក បូស្យា(Boccia) វាយសីជនពិការ អុកជនពិការ និងយូដូជនពិការ៕






