ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាមានការថមថយការនាំចេញបន្តិច ប៉ុន្តែក្នុងរយៈពេល៤ខែឆ្នាំ២០២៣ កម្ពុជាបាននាំចេញទៅក្រៅប្រទេសមានទំហំទឹកប្រាក់ ៧៣៣៤ លានដុល្លារអាម៉េរិក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើទោះបីជាមានការថមថយការនាំចេញបន្តិច ប៉ុន្តែក្នុងរយៈពេល៤ខែឆ្នាំ២០២៣ កម្ពុជាបាននាំចេញទៅក្រៅប្រទេស មានទំហំទឹកប្រាក់ចំនួន ៧ ៣៣៤ លានដុល្លារអាម៉េរិក។

ក្នុងកម្មវិធីបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបចំនួនជាង ១៩ ០០០ នាក់ទៀត នៅតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ ដែលជាថ្ងៃទីពីរ និងមាន កម្មករនិងនិយោជិតទាំងអស់មកពីរោងចក្រ សហគ្រាសចំនួន ៨១ ក្នុងនោះរោងចក្រកាត់ដេរចំនួន១៣ និង ក្រៅពីកាត់ដេរចំនួន៦៨ នាព្រឹកថ្ងៃទី២៧ខែ ឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹង បើទោះបីជាមានការថមថយនាំការនាំចេញបន្តិចក៏ដោយ ប៉ុន្តែក្នុងរយៈពេល៤ខែឆ្នាំ២០២៣នេះ យើងបាននាំចេញទៅក្រៅប្រទេសបានចំនួន ៧ ៣៣៤ លានដុល្លារអាម៉េរិក។

នេះជាចំនួនមួយក្នុងរយៈពេល៤ខែ ប៉ុន្តែបើសម្រាប់តែខែមេសា ឆ្នាំ២០២៣កន្លងទៅ គឺយើងបាននាំចេញមានទំហំទឹកប្រាក់ចំនួន ១ ៨៤២ លានដុល្លារអាម៉េរិក។ ដូច្នេះទំហំទឹកប្រាក់នាំចេញរបស់យើង ទាំងវិស័យកាត់ដេរ កសិកម្ម និងវិស័យដទៃទៀតគឺមានចំនួនកើនឡើង ដែលចំនួននេះយើងត្រូវតែពង្រីកទំហំនាំចេញឱ្យកើនឡើង តាមរយៈនៃការខិតខំលើគ្រប់ផ្នែក ដូចជា វិស័យកសិកម្មដែលយើងចង់បានឧស្សាហកម្មកែច្នៃលើផលិតផលវត្ថុធាតុដើមដែលមានស្រាប់ក្នុងប្រទេស ហើយយើងនឹងទទួលបានតម្លៃបន្ថែមទៅលើផលិតផលរបស់កសិកររបស់យើង។

សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះចំណុចនេះ ទាមទារឱ្យយើងទាំងអស់គ្នារួមគ្នាធ្វើ ហើយសម្ដេចរំពឹងថា គ្រប់រោងចក្រសហគ្រាស និងអ្នកវិនិយោគ ក៏ដូចជា កម្មករ កម្មាការិនី ធ្វើយ៉ាងម៉េចឱ្យគ្រប់រោងចក្រសហគ្រាស ក្លាយទៅសហគមន៍មួយដ៍សុខសាន្ត ក្នុងខណៈដែលនៅទូទាំងប្រទេសមានរោងចក្រសហគ្រាសទាំងអស់ជាង ១៧ ០០០ រោងចក្រសហគ្រាស ដែលមានកម្មករសរុបជាង១លាន ៥សែននាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យបន្តរក្សាសាមគ្គីភាពនៅក្នុងរោងចក្រ ឱ្យក្លាយជាសហគមន៍សុខសាន្តមួយ ដែលយើងទទួលផលទាំងអស់គ្នា ដោយអ្នកគ្រប់គ្រងរោងចក្រសហគ្រាសត្រូវមើលថែទាំកម្មករឱ្យបានត្រឹមត្រូវ និងដិតដល់ ហើយកម្មករ កម្មាការិនី ក៏ត្រូវធ្វើកិច្ចការឱ្យបានត្រឹមត្រូវតាមក្របខណ្ឌច្បាប់ ហើយខិតខំដោះស្រាយការមិនចុះសម្រុណាមួយឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ជំនួបសំណេះសំណាលនៅថ្ងៃនេះជាជំនួបលើកទី៧ហើយនៅតំបន់សេដ្ឋកិច្ចពិសេសនេះ។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។

ក្នុងនោះមក អ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ ចិន ៣០រោងចក្រ ថៃ ៦រោងចក្រ ម៉ាឡេស៊ី ៤រោងចក្រ សិង្ហបុរី ៤រោងចក្រ សហរដ្ឋអាមេរិក៣រោងចក្រ កម្ពុជា៣រោងចក្រ អូស្ត្រាលី ២រោងចក្រ ហូឡង់ ២រោងចក្រ កូរ៉េខាងត្បួង ១រោងចក្រ ហ្វ៊ីលីពីន ១រោងចក្រ ស៊ុយអែត ១រោងចក្រ និងវៀតណាម ១រោងចក្រ ប្រើប្រាស់កម្មករនិយោ ជិតសរុប ៤១ ៣៧០នាក់។ ផលិតកម្ម និងសេវាកម្មសំខាន់ៗ រួមមាន បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ កាត់ដេរសម្លៀកបំពាក់ផលិតផលអាហារនិងភេសជ្ជៈ សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស) គ្រឿងបង្គុំរថយន្ត សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលធ្វើប្លាស្ទិក ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ គ្រឿងសំណង់ បោះពុម្ព កែច្នៃសំណល់ គ្រឿងសម្អាង ស្បែកជើង ផលិតផលធ្វើពីស្បែក ផលិតផលថ្នាំលាបពណ៌ គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ សេវាកម្មនានា។ល។

គួររម្លឹកថា សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានចាប់ផ្តើមចុះជួបសំណេះសំណាលជាមួយកម្មករជុំទី១ ចាប់តាំងពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភាឆ្នាំ២០១៩ ចំនួន ៧៧លើកដែល មានកម្មករនិយោជិតចំនួនប្រមាណ១លាននាក់ និងបានផ្ដល់អនុសាសន៍ចំនួន ១០ចំណុច។ ចំណែកក្នុងជុំទី២ បានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៣កន្លងទៅ ដែលជុំទី២នេះសម្តេចមានគម្រោងចុះទៅកាន់គោលដៅចំនួន១៨ កន្លែង។សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា នេះជាការអនុវត្តកម្មវិធីចាស់សកម្មភាពថ្មី និងបន្ថែមវិសាលភាពដល់បងប្អូនកម្មការិនីដែលមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ៕