នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ស្ថាប័ន Knock-out ជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បានចូលរួមជាភ្ញៀវកិត្តិយស និងលើកទឹកចិត្តដល់កីឡាករខ្មែរ ដែលចូលរួមប្រកួតប្រដាល់ប្រភេទគុនខ្មែរ ដែលរៀបចំដោយស្ថាប័ន Knock-out នៅ Yukohama Budokan នៅទីក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះមានកីឡាករគុនខ្មែរអញ្ជើញមកពីប្រទេសកម្ពុជាចូលរួមប្រកួតចំនួន ២រូប គឺ កីឡាករ ពេជ្រ សម្បត្តិ និង កីឡាករ ចំរេីន គុនខ្មែរ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានជួបសំណេះសំណាលរយៈពេលខ្លីជាមួយប្រតិភូកីឡា និងកីឡាករ ដែលអញ្ជើញមកពីប្រទេសកម្ពុជា ដោយបានសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាកខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព។
សូមជម្រាបជូនថា វិស័យកីឡា គឺជាផ្នែកមួយជំរុញការផ្សារភ្ជាប់រវាងប្រជាជនកម្ពុជា និងជប៉ុន ព្រមទាំង វិស័យទេសចរណ៍ ដែលចូលរួមដល់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលបានឯកភាពដោយមេដឹកនាំរបស់ប្រទេសកម្ពុជា និងជប៉ុន ក្នុងឆ្នាំ២០២៣កន្លងមក៕