នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែមានទទឹង៧ម៉ែត្រ ប្រវែង៤៥០០ម៉ែត្រ តភ្ជាប់ពីភូមិទួលក្រឡាញ់ទៅភូមិអូរម្នាស់ ក្នុងឃុំខ្នារសណ្តាយ គ្រោងចំណាយថវិកាជិត២ម៉ឺនដុល្លាអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម សែម សុវណ្ណនី។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៨០០នាក់ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវខាងលើនេះ ឯកឧត្តម បាននាំមកការការផ្តាំផ្ញើរសាក សួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដល់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។ ឯកឧត្តម សែម សុវណ្ណនី មានប្រសាសន៍ថា ផ្លូវ១ខ្សែ ដែលចាប់ផ្តើមស្ថាបនានៅថ្ងៃនេះ នឹងជួយសម្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការងាយស្រួលសម្រាប់ការធ្វើដំណើរ និងដឹកកសិផល ទៅកាន់ទីផ្សារ បានឆាប់រហ័ស និងទាន់ពេលវេលា បើធៀបទៅនឹងពេលមុន ផ្លូវ១ខ្សែនេះ មានទំហំតូច ពិបាកក្នុងធ្វើដំណើរ។
ឯកឧត្តម បញ្ជាក់បន្ថែមថា ចំពោះផ្លូវ១ខ្សែនេះ ក្រោយពីស្ថាបនារួច នឹងបំពាក់អំពូលសឡា ដើម្បីបំភ្លឺនៅតាមដងផ្លូវផងដែរ។
ក្នុងពិធីនេះ ឯកឧត្តមក៏បាននាំមកនូវអំណោយចែកជូនប្រជាពលរដ្ឋចូលរួមកម្មវិធី ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល ។ ជាមួយគ្នា ឯកឧត្តម សែម សុវណ្ណនី នឹងសង់របងជូនដល់សាលាបឋមសិក្សាករុណាផងដែរ៕