ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាល បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា៖ ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៩៥ហិកតា ក្នុងភូមិចំនួន៥ នៃឃុំរកាជន្លឹង និង ប្រមាណ ១៧៤ហិកតា ក្នុងភូមិចំនួន៣ នៃឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព ខណៈដែលប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បញ្ជូនមកដើម្បីស្រោចស្រពបានប្រមាណ ២៥០ហិកតាប៉ុណ្ណោះ ដោយសារផ្ទៃដីទាំងនេះស្ថិតនៅក្រៅតំបន់ស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ក្រុមការងារ ដើម្បីបើកទឹកពីប្រព័ន្ធព្រែកពោធិរយៈពេលបីថ្ងៃបន្ថែមទៀត ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណ ៦៦៩ហិកតា ក្នុងឃុំទាំងពីរនេះ ព្រមទាំងសំណូមដល់ប្រជាកសិករឱ្យរង់ចាំរហូតដល់ទឹកពេញប្រឡាយសិន ចាំនាំគ្នាបូមបញ្ចូលស្រែ។
សូមបញ្ជាក់ថា ប្រឡាយដែលបានចុះពិនិត្យរួមមាន ប្រឡាយប៉ាណោ ប្រឡាយស្នេហ៌ដួច និងប្រឡាយ៤៤ដែលត្រូវស្ដារឡើងវិញ ស្ថិតនៅឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។