ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តាខេត្ត នាភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀង ធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះ សូមបងប្អូនបង្កើនការប្រុង ប្រយ័ត្នឱ្យ បានខ្ពស់ មិនត្រូវ ឱ្យកូនតូចៗចេញក្រៅផ្ទះ ពេលកំពុងមានភ្លៀងធ្លាក់។
ក្រសួងធនធានទឹកបានឱ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិង ខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
លក្ខណៈបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C -បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណភ្លៀង អាចមានកម្រិតថមថយជាងបន្តិច។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីមធ្យមទៅ បង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ៕
