ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជួបសំណេះសំណាលជាមួយយោធិន និងនិវត្តន៍ជនរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ….

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិន និងនិវត្តន៍ជននៃ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់នាពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន- អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ និងជំនួយការទាំងអស់,លោក មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ និងជំនួយការក្រុង-ស្រុក,លោកប្រធានស្នាក់ការសន្តិសុខ និងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ព្រមទាំងនិវត្តន៍ជនកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសកម្មវិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណដល់បងប្អូនកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ខំបំពេញភារកិច្ច ក្នុងកិច្ចការ ការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនប្រជាជនក្នុងខេត្តកំពង់ស្ពឺ ពិសេស ថ្នាក់ដឹកនាំ លើសពីនេះទៀត លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមទាំងក្រុមគ្រួសារផងដែរ។

ជាចុងក្រោយនៃពិធីនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភសម្រាប់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ៗទទួលបានទឹកបរិសុទ្ធចំនួន០១កេះ រួមនិងភេសជ្ជៈចំនួន០២កេះ រីឯសម្រាប់និវត្តន៍ជនក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ព្រមទព្រមទាំងគ្រឿងឧបភោគបរិភោគមាន(អង្ករចំនួន០១បាវ,ភេសជ្ជៈចំនួន០១កេស,ទឹកបរិសុទ្ធចំនួន០២កេះ,ទឹកស៊ីអ៊ីវចំនួន០១យួ និងទឹកត្រីចំនួន០១យួរ) ផងដែរ។