ញត្តិថ្កោលទោស ចំពោះការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុសញ្ញាអន្តរជាតិ នានា ដែលបានហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។ ការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស មកលើទីតាំងតំបន់ព្រំដែន តំបន់ប្រាសាទព្រះវិហារ ដែលជាការបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងការ ប្រើប្រាស់គ្រាប់បែកចង្កោម ដែលហាមប្រាមដោយអន្តរជាតិ។
ទង្វើដែលគ្មានការគិតគូរ និងអរិភាពរបស់ប្រទេសថៃនេះ គឺជាការឈ្លានពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យជាតិនិង បូរណភាពទឹកដីកម្ពុជា ផលប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្ម ជីវភាពរស់នៅរបស់ប្រជាជនតាមបណ្តោយព្រំដែន ព្រមទាំងបង្កឱ្យមានវិនាសកម្មធំធេងដល់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។
នៅក្នុងកាលៈទេសៈដ៏តានតឹងនេះ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រចំពោះតួនាទីមិនអាចខ្វះបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរួមចំណែកបញ្ជាកងទ័ពដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដើម្បីឆ្លើយតបប្រឆាំងនឹងការ ឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើសុំកោះប្រជុំបន្ទាន់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំដោយឥតងាករេ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ប្រកបដោយភាពក្លាហានមោះមុត ដើម្បីរក្សាបានឧត្តមប្រយោជន៍របស់ជាតិយើង ទាំងនៅលើសមរភូមិយោធា និងសមរភូមិការទូត។
ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នា សូមផ្តល់កម្លាំងចិត្ត និងការគាំទ្រដល់វីរៈកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាននៅសមរភូមិមុខ ក្នុងបេសកកម្ម ការពារជាតិ មាតុភូមិ និងសូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិប្រោសព្រំពរជ័យដល់វីរៈកងទ័ព ឱ្យទទួលបានជ័យជម្នះលើខ្មាំងសត្រូវ និងការពារបានគង់វង្សនូវបូរណភាពទឹកដីកម្ពុជាដ៏រុងរឿង។

