ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៥នេះ បានរៀបចំកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈ កម្មការខេត្ត ពិភាក្សាលើការអនុវត្តការងារដោះស្រាយផល ប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ជាធាតុចូលរបស់គ្រប់បណ្ដាស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ និងរួមគ្នាពិនិត្យពិភាក្សាទៅលើបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប ក្នុងន័យជំរុញការងារសិក្សាឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងខាងលើនេះ ព្រមទាំងបានលើកទឹកចិត្តទៅដល់ក្រុមការងារពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុងអរិយក្សត្រ ត្រូវសហការគ្នាខិតខំអនុវត្តឲ្យបានល្អប្រសសើរស្របទៅតាមផែនការ និងប្រតិទិនការងារដែលបានគ្រោងទុក។ ជាមួយនេះត្រូវរួមគ្នាគិតគូលើប្លង់ពេលបោះបង្គោលសាងសង់ ដើម្បីជៀសវាងកុំឲ្យមានការកែប្រែច្រើនដង់ ត្រូវរក្សាទីតាំងសាងសង់ និងទប់ស្កាត់ការសាងសង់សំណងផ្សេងៗនៅលើទីតាំងដែលក្រុមការងារបោះបង្គោលសាងសង់ ជៀសវាងពិបាកក្នុងការដោះស្រាយ។


