ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្ដាល បានបន្តជំរុញការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ដើម្បីត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំដៅសម្រេចតាមផែនការដែលបានគ្រោងទុក នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិចំនួន០៨គឺភូមិឫស្សីស្រុក ភូមិខ្ពបលើ ភូមិបឹងខ្ពប ឃុំខ្ពប ភូមិព្រែកតាប្រាក់ ភូមិតាលន់ ភូមិចុងកោះតូច ភូមិកណ្តាលកោះតូច និងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ដែលមានចំនួន(៦,២២៦ក្បាលដី)។
ថ្លែក្នុងក្នុងពិធីនោះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានបញ្ជាក់ថា៖ គោលបំណងនៃការបិទផ្សាយជាសាធារណៈ គឺដើម្បីទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយមកពិនិត្យនូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យ បើមានកំហុសឆ្គងដោយប្រការណាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។
លោកប្រធានមន្ទីរបានបន្តថា៖ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ ដើម្បីបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងប្រើ ប្រាស់ដីធ្លីប្រកបដោយសមធម៌ និងសន្តិភាពផ្លូវចិត្ត។
ក្នុងឱកាសនោះលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចំនួន០៨ភូមិខាងលើ ក្នុងឃុំតាលន់ និងឃុំខ្ពប ស្រុកស្អាង អោយបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា៖ ស្រុកស្អាង បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន៥៣លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៨ភូមិ គឺភូមិឫស្សីស្រុក ភូមិខ្ពបលើ ភូមិបឹងខ្ពប ឃុំខ្ពប ភូមិព្រែកតាប្រាក់ ភូមិតាលន់ ភូមិចុងកោះតូច ភូមិកណ្តាល កោះតូច និងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង សរុបមានចំនួន ៦,២២៦ក្បាលដី៕


