ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញកាត់ប្ញសសីម៉ា និងកាត់ខ្សែបូរសម្ពោធឆ្លងព្រះវិហារថ្មី វត្តតាយ៉ែក ក្នុងស្រុកសូទ្រនិគម!

ខេត្តសៀមរាប៖ ព្រះវិហារថ្មីនៃវត្តតាយ៉ែកឯករង្សី ស្ថិតក្នុងភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគមខេត្តសៀមរាប បានសាងសង់ថ្មី ចាប់ពីខែមិថុនាដឆ្នាំ២០១៧ រួចរាល់នៅចុងឆ្នាំ២០២១ ដោយចំណាយថវិកាអស់ជិត ៣៤ម៉ឺនដុល្លារអាមេរិក ក្រោមការដឹកនាំសម្របសម្រួលរបស់ព្រះចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន និងបានការរួមចំណែកសទ្ធាជ្រះថ្លាពីព្រះសង្ឃ ប្រជាពុទ្ឋបរិស័ទ និងសប្បុរសជនជិតឆ្ងាយផងដែរ។

ព្រះវិហារថ្មីនេះ មានបណ្តោយ២៥មនិងទទឹង១៥ម ត្រូវបានកាត់ខ្សែបូរ បញ្ចុះខ័ណសីម៉ា នាថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ព្រមទាំងវត្តមាន អ្នកមុខអ្នកការ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាមណ្ឌលសៀមរាប ប្រធានក្រុមប្រឹក្សាខេត្ត ជួរអភិបាលនៃគណ:អភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសប្បុរសជន មកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានកោតសរសើរចំពោះព្រះគ្រូចៅអធិការ ព្រះសង្ឃ គណ:កម្មការអាចារ្យវត្ត ដែលបានរួមគ្នាកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់វត្ត សម្រាប់បំរើ និងលើកស្ទួយវិស័យព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរគង់វង្សបន្ថែមទៀត។ ហើយសមិទ្ធផលទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទាំងពុទ្ធចក្រ និងអាណាចក្រ ដែលបានបង្កើតធ្លុងសាមគ្គីក្នុងជួរព្រះសង្ឃ ពុទ្ធសាសនិក សម្រាប់ប្រមូលផ្តុំគំនិត និងបញ្ញាញាណដ៏ទូលំទូលាយ រួមចំណែកកាត់បន្ថយនូវអំពើអកុសល និងអំពើហិង្សាទាំងឡាយនៅក្នុងសង្គម ឈោងចាប់យកសុខសន្តិភាពដ៏ពេញលេញ សុខុមាលភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖សមិទ្ធផលនេះដែរ មិនអាចផ្តាច់បានពីការខិតខំប្រឹងប្រែងចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន បងប្អូនសប្បុរសជន និងជនរួមជាតិទាំងអស់ដែលបានរួមសាមគ្គីគ្នាបរិច្ចាគធនធានដើម្បីកសាងនូវសមិទ្ធផលនេះឡើង។ សម្តេចពិជ័យ  ក៏បានរម្លឹកពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលសម្រេចបានក្នុងរយ:ពេល៤៤ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ធផលជ័យជម្នះ៧មករា១៩៧៩ ដែលបានចរឹកជាប់នៅក្នុងមនសិការរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប បន្ថែមពីនេះ តាមរយ:គោលនយោបាយឈ្នះ ឈ្នះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងនាំមកនូវសុខសន្តិភាពពេញលេញ ក្រោមដំបូលសន្តិភាពតែមួយ និងរួមគ្នាអភិវឌ្ឍប្រទេសជាតិរីចម្រើនលើគ្រប់វិស័យ ក្នុងនោះ ក៏បានអភិវឌ្ឍវិស័យព្រះពុទ្ឋសាសនាផងដែរ និងការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នាចំណោមពុទ្ឋសាសនិក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ព្រះវិហារថ្មីនឹងផ្សព្វផ្សាយបង្កើនការយល់ដឹងជូនប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យពីតម្លៃវប្បធម៌ សិល្ប: ប្រពៃណី ទំនៀមទំលាប់ខ្មែរ សំដៅលើកតម្កើងព្រះពុទ្ឋសាសនាដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នា ការពារសន្តិភាពមិនត្រូវឱ្យសន្តិភាពនេះមិនត្រូវបានបំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ ទោះជាអស់តម្លៃណាក៏ដោយ និងចូលរួមថែរក្សាការពារនូវរាល់សមិទ្ធផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឱ្យសមិទ្ធផលដែលយើងសម្រេចបានដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឱ្យបានស្ថិតនៅគង់វង្សជាអមត:ជាពិសេសសមិទ្ធផលនៃជ័យជម្នះ៧មករា ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើងជាលំដាប់តរៀងមក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រុញដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគ្រប់រូបអញ្ជើញទៅបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ដោយចូលរួមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបន្តជម្រុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប