រាជធានីភ្នំពេញ ៖ មុនមួយថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតឈានចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបើកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣នេះ ដើម្បីបង្ហាញគោលការណ៍មួយចំនួនសម្រាប់ឱ្យគណបក្សនយោបាយអនុវត្តការឃោសនាបោះឆ្នោតឱ្យបានត្រឹមត្រូវតាមក្របខ័ណ្ឌច្បាប់។
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ បានថ្លែងថា គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតសេចក្ដីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ឯកឧត្តម ប្រធានដឹកនាំអង្គប្រជុំ បានថ្លែងដោយជាសំនួរថា អ្វីខ្លះជាសកម្មភាពដែលចាត់ទុកជាការឃោសនាបោះឆ្នោត ?
ជាចម្លើយតបទៅនឹងសំនួរខ្លួនឯង ឯកឧត្តម ឌឹម សុវណ្ណារុំ រៀបរាប់ថា សកម្មភាពដែលចាត់ទុកជាការឃោសនាបោះឆ្នោតមានដូចជា៖ ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការរៀបចំបែបនេះ គឺធ្វើឡើងបាន ៤ដងក្នុងពេលឃោសនាបោះឆ្នោត រយៈពេល ៣សប្តាហ៍។ ការជួបជុំ ឬក៏ការឃោសនា នៅតាមផ្ទះ ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មានឬបេក្ខជន ការផ្សព្វផ្សាយតាមរលកធាតុអាកាស ឬការឃោសនាតាមឧបករណ៍បំពងសំឡេងឬតាមការចាក់ផ្សាយកាស្សែតវីដេអូ វីស៊ីឌី ឌីវីឌី ក្នុងរោងវីដេអូសាធារណៈ ឬទីសាធារណៈសកម្មភាពបិទផ្សាយនូវបដាពាក្យស្លោក កម្មវិធីនយោបាយ ឬរូបភាពឃោសនានានាសកម្មភាពចែកខិត្តបណ្ណគណបក្សនយោបាយ សកម្មភាពចែកស្លាកសញ្ញាគណបក្សនយោបាយ ឬមួក សម្លៀកបំពាក់ សម្ភារផ្សេងៗទៀតដែលបោះពុម្ព ឬគូរ ឬផលិត ដែលមានស្លាកសញ្ញាគណបក្សនយោបាយ ឬ/និងបេក្ខជន សកម្មភាពលើកបដានៅទីសាធារណៈណាមួយ ឬ/និងដំឡើងបន្ទះក្ដារបិទប្រកាសផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយ ឬបេក្ខជន ការប្រគុំតន្ត្រីនៅទីកន្លែងណាមួយ ឬច្រៀងចម្រៀងឃោសនាបោះឆ្នោត ឬការលេងភ្លេងឃោសនាបោះឆ្នោត ការរៀបចំកម្មវិធីប្រកួតកីឡា ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬ/និងបេក្ខជន ណាម្នាក់។
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំបានចោទជាសំនួរបន្ថែមថា ចុះទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ តើត្រូវបានកំណត់យ៉ាងដូចម្តេច ? ឆ្លើយនឹងសំនួរនេះ ឯកឧត្តម ប្រធានដឹកនាំអង្គប្រជុំបានគូសបញ្ជាក់ថា ការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយផ្សេងៗ ភ្ជាប់នឹងរថយន្ត ឬ/និងទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេងមានអ្នកចូលរួមចាប់ពី ២០នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬ/និងប្រើប្រាស់យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ក្នុងការឃោសនាបោះឆ្នោត មាន៖ រថយន្តចាប់ពី ២គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ១០គ្រឿងឡើងទៅ។ ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០គ្រឿងឡើងទៅ និងជលយានគ្រប់ប្រភេទចាប់ពី ៥គ្រឿងឡើងទៅ។ ជាងនេះទៀត គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត យ៉ាងតិចឱ្យបាន៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ការជូនដំណឹងនេះទៀតសោត សូមបញ្ជាក់ឱ្យបានច្បាស់ពី៖ នាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្សនយោបាយកាលបរិច្ឆេទ និងពេលវេលានៃការហែក្បួន ទីតាំងប្រមូលផ្តុំ តម្រាយផ្លូវដែលត្រូវហែក្បួន និងទីតាំងរំសាយ ចំនួនអ្នកចូលរួម និងចំនួនយានជំនិះតាមប្រភេទនីមួយៗ។ ការហែក្បួនឃោសនាបោះឆ្នោត ក្រៅមណ្ឌលបោះឆ្នោតដែលគណបក្សនយោបាយសាមីមិនបានដាក់បញ្ជីបេក្ខជន គឺមិនត្រូវបានអនុញ្ញាតទេ។ផ្ទុយទៅវិញ ក្នុងករណីដែលការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងរាជធានី ខេត្តដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះ ត្រូវឆ្លងកាត់រាជធានី ខេត្តដទៃ ដោយសារស្ថានភាពទីតាំងភូមិសាស្ត្រជាក់ស្តែងនៃរាជធានីខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្សនយោបាយសាមីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា ទោះបីជារាជធានី ខេត្តដែលត្រូវឆ្លងកាត់នោះ ខ្លួនមាន ឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ។
ទន្ទឹមនឹងនេះ ក្នុងដំណើរឆ្លងកាត់នេះ សាមីគណបក្សនយោបាយត្រូវបិទឧបករណ៍បំពងសំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ គ្រប់គណបក្សនយោបាយទាំងអស់ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងរាជធានី ខេត្ត ហើយដែលមានបំណងធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ សាមីគណបក្សនយោបាយនោះ ត្រូវស្នើសុំទៅអ្នកគ្រប់គ្រងផ្សារ និងជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ពាក់ព័ន្ធ យ៉ាងហោចណាស់ឱ្យបាន៣ថ្ងៃ មុនថ្ងៃធ្វើសកម្មភាព ហើយក្នុងការជូនដំណឹងនេះ សូមបញ្ជាក់ឱ្យបានច្បាស់ពី៖ នាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្សនយោបាយ កាលបរិច្ឆេទ ពេលវេលា និងឈ្មោះផ្សារដែលត្រូវធ្វើសកម្មភាព និងចំនួនអ្នកចូលរួម។ ការធ្វើសកម្មភាពក្នុងផ្សារ ត្រូវកម្រិតយ៉ាងច្រើនត្រឹមតែ ១០នាក់ប៉ុណ្ណោះ ហើយត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមិនត្រូវយកតាមខ្លួននូវឧបករណ៍បំពងសំឡេងឡើយ។ ប៉ុន្តែ ការផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងពីគោលនយោបាយ ឬ/និងកម្មវិធីនយោបាយឬ/និងពីសារនយោបាយរបស់គណបក្សនយោបាយ អាចធ្វើបាននៅក្រៅបរិវេណផ្សារ៕