ព័ត៌មានជាតិ

ឯកឧត្តម វង្ស ផាណាត ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ លើកទី៤៩

​ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះ សាលាខេត្តព្រះសីហនុ។

​កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៤៩ អាណត្តិទី៣ មានរបៀប វារៈ ចំនួន៩ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ ១.ប្រសាសន៍បើកកិច្ចប្រជុំ, ២.ពិនិត្យ កូរ៉ុម, ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្ត, ៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្ត, ៥.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣), ៦. ផ្សព្វផ្សាយលិខិតលេខ ១៥៤២សជណ ចុះថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលនៃការ ចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តព្រះសីហនុ ឆ្នាំ២០២២, ៧.ស្តាប់របាយការណ៍របស់៖ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត -គណៈកម្មាធិការលទ្ធកម្មខេត្ត -គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត -គណៈ កម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត -ការិយាល័យប្រជាពលរដ្ឋខេត្ត, ៨.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ និង ៩.បញ្ហាផ្សេងៗ។​

បន្ទាប់ពីបានស្តាប់របាយការណ៍ពីក្រុង ស្រុក និងអង្គភាពរួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ វាយតម្លៃ ចំពោះការខិតខំ ប្រឹងប្រែង បំពេញភារកិច្ចតាមតួនាទី ភារកិច្ចរបស់ខ្លួន ពិសេសក្រុង ស្រុកបានខិតខំបំពេញការងារបានល្អ ទន្ទឹមនឹងនោះ នៅមានចំណុចខ្វះខាតមួយចំនួន ដែលយើងទាំងអស់គ្នា ត្រូវតែខិតខំបំពេញបន្ថែមឱ្យកាន់តែល្អបន្ថែមទៀត ពិសេសការងារ អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាចំណុចសំខាន់មួយដែលយើងទាំងអស់ គ្នាត្រូវតែ យកចិត្តទុកដាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។​

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការណែនាំ ដល់គណៈបញ្ជាការឯកភាពក្រុង ស្រុកទាំង៥ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សុវត្ថិភាពរបៀបរៀបរយក្នុងតំណាក់កាលឃោសនារកសម្លេងឆ្នោត ការរាប់សន្លឹកឆ្នោត របស់គណបក្សនយោបាយនៅលើភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ តាមបែបលទ្ធិប្រជាធិបតេយ្យ៕