ព័ត៌មានជាតិ

ការកំណត់អត្តសញ្ញាណអ្នកពាក់ ព័ន្ធ និងសិទ្ធិ អំពីការបម្រែបម្រួលអាកាសធាតុ នៅតំបន់បេតិកភណ្ឌ ត្រូវបានកំណត់ទិសដៅ និងយក ចិត្តទុកយ៉ាងខ្លាំងពីអាជ្ញាធរអប្សារា

មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំមួយស្តីពី៖ ការ កំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធិ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះ ដឹង ការពិភាក្សារួមគ្នាអំពីការបម្រែ បម្រួល អាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយនឹងបេតិកភណ្ឌ។

មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំស្តីពី ការកំណត់អត្ត សញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធិ អំពីការបម្រែបម្រួលអាកាសធាតុ និង

ការបន្សុំានៅតំបន់បេតិកភណ្ឌ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការបម្រែបម្រួល អាកាសធាតុ គឺជាបាតុភូតទូទៅសម្រាប់សកលលោកទាំងមូល មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជាមួយនោះឡើយ។ ដូច្នេះបើសិនជាយើងបានគ្រប់គ្រងបានល្អប្រសើរ ផលប៉ះពាល់គឺមានតិច ជាពិសេសសម្រាប់តំបន់បេតិកភណ្ឌតែម្តង។

លោកបន្តទៀតថា អាជ្ញាធរជាតិអប្សរាមិនមែនទើបតែគិតអំពីបញ្ហាការបម្រែបម្រួលអាកាសនោះទេ ជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិធានការមួយច្បាស់ លាស់ ក្នុងការទប់ទល់ និងបម្រែ បម្រួលអាកាសធាតុនេះ។ ដែលអាចជះប៉ះពាល់ជាវិជ្ជមាន ទៅលើរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក សកម្មភាពទាំងនោះមានដូចជា៖ ការថែរក្សាទេសភាពវប្បធម៌ មានទាំងប្រាសាទ ទឹក និងព្រៃឈើ រួមបញ្ជូលគ្នា។

លោកបន្តទៀតថា បន្ថែមពីនេះក៏មានសកម្មភាពដាំកូនឈើឡើងវិញក្នុងតំបន់អង្គរ ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រពីបុរាណ ក៏ជាការងារមួយដ៏ធំរបស់អាជ្ញាធរជាតិអប្សរា ដោយបានស្តារប្រឡាយបុរាណ ត្រពាំងបុរាណ ការស្តារនិងបញ្ជូលទឹកកសិន្ធុធំៗនៅក្នុងតំបន់អង្គរ។ ការបន្តសកម្មភាពជួសជុល និងបញ្ជូលទឹកនៅតាមបារាយណ៍បុរាណជាច្រើនទៀត នៅជុំវិញរមណីយដ្ឋានអង្គរ និងបន្តសហការជាមួយស្ថាប័នដៃគូនានា តាមដានអំពីគុណភាពខ្យល់ នៅតំបន់រមណីយដ្ឋានអង្គរជាដើម។

នៅក្នុងកិច្ចការងារនេះអាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវមធ្យោបាយមួយចំនួននៅក្នុងការ អនុវត្ត ដូចជាការដាំដើមឈើឡើង វិញ និងការចែកកូនឈើ អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្តុះកូន ឈើ ចំនួន១៥កន្លែងធំៗ ហើយយើងបានបណ្តុះចែកចាយព្រមទាំងដាំកូនឈើបានប្រមាណចំនួនជាង ២លានដើម រហូតមកដល់ពេលបច្ចុប្បន្ននេះគឺជាបរិមាណមួយដ៏ធំ។

សូមជម្រាបផងដែរថា កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ច ប្រឹងប្រែងដោះស្រាយបញ្ហាប្រែ ប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានដាក់ចេញនូវគោល បំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕