ព័ត៌មានជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ខេត្តកំពង់ធំ គ្រោងពង្រីកចង្វាក់ផលិតកម្មបន្ថែម ដើម្បីត្រៀមនាំចេញគ្រាប់ស្វាយចន្ទីកាន់តែច្រើនទៅទីផ្សារក្រៅប្រទេសនាឆ្នាំខាងមុខ Posted on July 7, 2023 Author sdsk Comment(0) សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក្នុងខេត្តកំពង់ធំ គ្រោងធ្វើការពង្រីកចង្វាក់ផលិតកម្មបន្ថែម ត្រៀមនាំចេញគ្រាប់ស្វាយចន្ទីកាន់តែច្រើនទៅទីផ្សារក្រៅប្រទេសនាឆ្នាំខាងមុខ បន្ទាប់ពីបាននាំចេញទៅកាន់ទីផ្សារនៃប្រទេសជប៉ុនដោយជោគជ័យ ចំនួន៧០តោនរួចមកហើយ។ អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានទីតាំងក្នុងភូមិអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីចាប់ ផ្តើមដំណើរការតាំងពីឆ្នាំ២០២០ មក ដោយផ្តើមចេញពីការប្រកបអាជីវកម្មជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេល នេះបានចុះបញ្ជីដំណើរការនាំចេញរយៈពេល៣ឆ្នាំហើយ។ អ្នកស្រីបន្តថា ខ្សែចង្វាក់ក្នុងការផលិតរបស់សិប្បកម្មអ្នកស្រី មានសមត្ថភាពក្នុងការផលិតគ្រាប់ស្វាយចន្ទីបានចំនួន២តោនក្នុងមួយថ្ងៃ នៃផលិត ផលវត្ថុធាតុដើមមិនទាន់កែច្នៃ។ អ្នកស្រីបន្តថា ផលិតផលសម្រេចរបស់សិប្បកម្មអ្នកស្រីបាននាំចេញទៅលក់ នៅទីផ្សារទំនើបជាច្រើនទូទាំងប្រទេស និងបាននាំចេញទៅកាន់ទីផ្សារនៃប្រទេសជប៉ុនផងដែរ។ ក្នុងរយៈពេល៣ឆ្នាំនេះ គឺជាឆ្នាំនៃការសាកល្បងនាំចេញផលិត ផលគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារប្រទេសជប៉ុន បានចំនួន៧០តោនរួចមកហើយ និងត្រៀមខ្លួននាំចេញបន្តនៅក្នុងឆ្នាំខាងមុខ។ នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ ជាផែនការសិប្បកម្មអ្នកស្រីគ្រោងនឹងពង្រីកចង្វាក់ផលិតកម្មបន្ថែម ធ្វើយ៉ាង ណាផលិតឱ្យបាន២,០០០ទៅ ៥,០០០តោន ដោយសារតែបានពង្រីកទីផ្សារទៅក្រៅប្រទេសរួចរាល់ហើយ។ អ្នកស្រីបន្ថែមទៀតថា សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅជុំវិញនោះ ដោយពួកគាត់មិនចាំ បាច់ចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ឆ្ងាយពីក្រុមគ្រួសារ ថែមទាំងបានជួយទិញផលិតផលស្វាយចន្ទីស្រស់ពីប្រជាសហគមន៍នៅក្បែៗនោះ និងសហគមន៍ចំនួន ៤ទៀតនៅក្នុងខេត្តព្រះវិហារផងដែរ។ ការប្រមូលទិញគឺកសិករយើងបណ្តុំ យើងបានបណ្តុំកសិករគំរូនៅ១៣គ្រួសារ និងសហគមន៍៤ នៅខេត្តព្រះវិហារ ហើយយើងកំពុងរៀបចំជាកញ្ចប់ថវិកាក្នុងការគ្រោងនឹងពង្រីកកន្លែងផលិតបន្ថែម និងធ្វើការជាមួយសហគមន៍៤នៅក្នុងខេត្តកំពង់ធំបន្ថែមទៀត។កន្លងមកយើងធ្វើកិច្ចសន្យាលក់ទិញដែលមានកិច្ចសន្យាត្រឹមត្រូវ យើងបាន ចរចាគ្នាមុនពេលបង្កើតកិច្ចសន្យា ក្នុងនោះក៏យើងបានចរចាគ្នាដោយ មានគុណភាព សុវត្ថិភាព អ៊ីចឹងបរិមាណគ្រាប់ ក្នុងមួយគីឡូមានប៉ុន្មានគ្រាប់ បរិមាណសាច់មានប៉ុន្មានខាំ ហើយតម្លៃដែលយើងផ្តល់ឱ្យកសិកររបស់យើងហ្នឹងឱ្យលើសពីឈ្នួញកណ្តាលពី១០០ ទៅ២០០រៀលទៅតាមសមត្ថភាពក្នុងការសម្រិតសម្រាំង។ សូមជម្រាបផងដែរថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលមានដាំ ដុះលើផ្ទៃដីជាច្រើន នៃប្រទេសកម្ពុជា។ ស្វាយចន្ទី ជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ ពីដំណាំស្រូវ និងដំណាំដំឡូងមី៕