អាជ្ញាធរជាតិអប្សរា បានរៀប ចំទិសដៅសទស្សនាថ្មីមួយនៅប្រាសាទតាកែវ ដើម្បីសម្រួលឱ្យការចរាចរណ៍របស់ភ្ញៀវទេសចរជាតិ- អន្តរជាតិ ធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អៗ និងទស្សនីយភាពគ្រប់ជ្រុងជ្រោយ និងបញ្ចៀសរាល់ការកកស្ទះជូនភ្ញៀវទេសចរពេលចូលទស្សនាប្រាសាទតាកែវ។
កញ្ញា ចំរើន វិនា មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារបានរៀប ចំទិសដៅវង់ទស្សនានៅប្រាសាទ តាកែវ ដោយបានកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពជុំវិញនោះ ដូចជា ការកាត់លះមែកឈើខ្លះៗ រៀបចំជាផ្លូវថ្មើរជើងជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស រៀបចំផ្ទាំងព័ត៌មានស្តីពីប្រវត្តិនៃប្រាសាទ ដើម្បីឱ្យអ្នកទេសចរអាចឈ្វេងយល់ដោយខ្លួនឯងបាន។
កញ្ញាបន្តថា ការរៀបចំវង់ទស្សនានេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ភ្ញៀវទេសចរ ក្រៅពីធានាបានដល់ការលើកតម្លៃនៅបរិវេណប្រាសាទខាងលើ ខ្សែទស្សនានេះ នឹងនាំភ្ញៀវឱ្យដើរទស្សនាបានគ្រប់ ជ្រុងជ្រោយនៃប្រាសាទ ព្រមទាំងអាចផ្តិតយករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ ជាពិសេសបញ្ចៀសរាល់ការកកស្ទះជូនភ្ញៀវទេសចរពេលចូលទស្សនាប្រាសាទ តាកែវ។ មុននឹងមកដល់ប្រាសាទ ភ្ញៀវទេសចរដើរក្រោមម្លប់ឈើយ៉ាងត្រជាក់ ដែលជាលក្ខណៈពិសេសមួយនៅប្រាសាទតាកែវនេះ។ កញ្ញាបន្តថា ដំណើរខ្សែទស្សនាខាងលើត្រូវបានដាក់ជូនអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័តរួចរាល់ហើយដែរ មុននឹងឈានទៅដាក់ដំណើរការ។
ការរៀបចំខ្សែទស្សនាគឺផ្តល់អត្ថប្រយោជន៍សម្រាប់ភ្ញៀវទេសចរបានច្រើន មានន័យថា ក្នុងការរៀបចំខ្សែទស្សនាហ្នឹង យើងបានគិតគូររៀបចំផ្ទាំងព័ត៌មានប្រវត្តិសាស្ត្រ ផ្ទាំងចម្លាក់ ក៏ដូចជាទីតាំងចំណុចទាក់ទាញ។ អ៊ីចឹងពេលយើងរៀបចំខ្សែទស្សនាហ្នឹង ភ្ញៀវគាត់អាចចូលទស្សនាប្រាសាទ ទៅតាមខ្សែដែលយើងបានរៀបចំ មានន័យថាពីមុនគាត់ចូលទស្សនាប្រាសាទតាកែវនេះ គ្រាន់តែគាត់មកដល់ខាងមុខ ហើយឡើងទៅខាងលើតែម្តង រួចចុះមកវិញចេញទៅចុះខាងកើតវិញ។ ប៉ុន្តែសម្រាប់ខ្សែទស្សនាហ្នឹង យើងជំរុញឱ្យគាត់ទៅទស្សនាទីតាំងពីមុនដែលគាត់មិនធ្លាប់បានទស្សនា។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរា តែងតែរៀបចំខ្សែទស្សនានៅតាមប្រាសាទជាច្រើន ក្នុងតំបន់រមណីយ ដ្ឋានអង្គរ ក្នុងគោលដៅលើកតម្លៃបេតិកភណ្ឌ រក្សាសណ្តាប់ធ្នាប់ និងនាំទៅទស្សនាទិដ្ឋភាពស្រស់ស្អាតជាច្រើន។ ជាមួយគ្នានេះដែរ អាជ្ញា ធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនាប្រាង្គប្រា
សាទនានាក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រតិបត្តិអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង៕