ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ឥតងាករេ​ចំពោះ​គោលនយោបាយចិនមួយ និងគំនិតផ្តួចផ្ដើមផ្សេងទៀតដែលស្នើដោយមិត្តចិន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍បង្ហាញនូវជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ឥតងាករេចំពោះគោលនយោ​បាយចិនមួយ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងទៀតដែលស្នើដោយមិត្តចិន ដូចជា គំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្ដើម​សន្តិសុខ​សកល ក្នុងចំណោមគំនិតផ្ដួចផ្ដើមដទៃទៀត។​នេះបើតាមសារលិខិតរបស់សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្តី សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​ប្រជាមានិត​ចិន។

​ក្នុងសារលិខិត សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងនាមរាជ​រដ្ឋាភិ​បាល និងប្រជាជនកម្ពុជា សម្ដែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត និងពរសព្ទ​សាធុ​ការជូន ឯកឧត្ដម និងតាមរយៈ ឯកឧត្តម ជូនចំពោះប្រជាជនចិន ក្នុងឱកាសដ៏នក្ខត្ត​ឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងព្រះរាជា​ណា​ចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចតេជោបន្តថា ទំនាក់ទំនងការទូត​របស់យើងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ប៉ុន្តែតាមពិតចំណងទាក់ទងជាប្រពៃណីនេះ បានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម្ល៉េះ។ តាមរយៈប្រវត្តិសាស្ត្រដ៏យូរអង្វែងនេះ ថ្នាក់​ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរបានថែរក្សា និងពូនជ្រំបានយ៉ាងខ្ជាប់ខ្ជួននូវ​ទំនាក់​ទំនងនេះ ដែលធ្វើឱ្យប្រទេសយើងទាំងពីរមានចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ច​សហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន នាពេលបច្ចុប្បន្ន។

សម្ដេចតេជោគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរបស់យើង ដែលបានកសាងឡើង​ឈរលើមូលដ្ឋានដ៏រឹងមាំ នៃទំនុកចិត្តផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះ​ឯករាជ្យភាព និងអធិបតេយ្យភាព បានបន្តរីកចម្រើន កាន់តែរឹងមាំឡើងៗ និងបាន​វិវឌ្ឍទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់​ជាញឹកញាប់ រួមទាំងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ និងការគាំទ្រគ្នាទៅវិញ ទៅ​មកទាន់ពេលវេលា ក្នុងគ្រប់កាលៈទេសៈទាំងអស់។

សម្ដេចតេជោក៏ថ្លែងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចភ្លាមៗមិនបានគ្រោងទុករបស់​សម្ដេច ទៅកាន់ទីក្រុងប៉េកាំង នៅដើមឆ្នាំ២០២០ ដើម្បីបង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះ​រដ្ឋាភិបាល និងប្រជាជនចិន ក្នុងដំណាក់កាលដំបូង នៃការផ្ទុះ រាលដាលជំងឺ​រាត​ត្បាត​សកលកូវីដ-១៩ និងការគាំទ្រទាន់ពេល និងធំធេងរបស់ចិន សម្រាប់កម្ពុជា ក្នុង​ការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីភាពរឹងមាំ នៃសាមគ្គីភាព និងមិត្តភាពដែកថែបរបស់ប្រទេសទាំងពីរ ជាពិសេស ក្នុងស្ថានភាពលំបាក។ សម្ដេចតេ​ជោ​នាយករដ្ឋមន្រ្ដី​បានកត់សម្គាល់ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំងផងដែរ ចំពោះកិច្ច​សហ​ប្រតិបត្តិការប្រកបដោយផ្លែផ្កា របស់ប្រទេសទាំងពីរ ក្នុងផ្នែកសេដ្ឋកិច្ច ដែលបានផ្តល់​ផលប្រយោជន៍យ៉ាងធំធេងដល់ប្រទេស និងប្រជាជនទាំងពីរ។ ក្រៅពីភាពជាដៃគូពាណិជ្ជ​កម្ម​ដ៏សំខាន់របស់កម្ពុជា ចិនបច្ចុប្បន្នជាកម្លាំងចលករដ៏ សំខាន់នៃការជំរុញការវិនិយោត​ទុន​ផ្ទាល់ពីបរទេស និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំចំពោះកម្ពុជា។

ជាមួយគ្នានេះ សម្ដេចមានមោទកភាពចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់​ប្រទេសទាំងពីរ ដែលបានចូលជាធរមាននៅ ឆ្នាំ២០២២ បានជំរុញយ៉ាងខ្លាំងនូវពាណិជ្ជ​កម្ម​ទ្វេភាគី និងលំហូរវិនិយោគ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើន​ឡើង​ដល់ ១៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដូចដែលយើងបានឯកភាព កំណត់​ក្នុងគោលដៅ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ជាមួយនឹងការគាំទ្រចេញពីដួងចិត្ត​របស់មិត្ត​ចិន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ ក្នុងការរៀបចំកីឡាអាស៊ីអាគ្នេយ៍​លើកទី ៣២ កាលពីខែឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីខែមិថុនាកន្លង​ទៅ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាជា​ប្រវត្តិសាស្តមួយ​នេះ ដែលនេះបង្ហាញឱ្យឃើញពីមោទកភាពដ៏អស្ចារ្យសម្រាប់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ​ចំពោះមិត្តចិន​ដែល​តែងតែគាំទ្រ និងផ្ដល់ជំនួយ សម្រាប់ការអភិវឌ្ឍ រយៈពេលវែងនៅកម្ពុជា ស្របទៅ​តាម​លក្ខខណ្ឌ និងលក្ខណៈរបស់កម្ពុជា។ ក្នុងកាលៈទេសៈនៃការប្រឈមបញ្ហាធំៗនៅ​ក្នុង​ពិភពលោក យុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន គឺ ពិតជាសំខាន់ជាពេលណាៗទាំង​អស់។

សម្ដេចមានជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិ​ការទ្វេ​ភាគីរបស់ប្រទេសទាំងពីរនឹងបន្តរីកចម្រើន កាន់តែស៊ីជម្រៅ និងវិសាលភាពធំទូ​លាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយសម្ដេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ​ជា​មួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិ​ការភាព​ជាដៃ​គូ​​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវសហគមន៍វាសនារួម និងពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការត្បូងពេជ្ររបស់យើង ក៏ដូចជាការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងតំបន់ និងលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ និង​ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។

ដោយឡែកក្នុងសារលិខិតផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកត្ដម លី ឈាង នាយករដ្ឋមន្តី នៃសាធារ​ណរដ្ឋ​ប្រជាមានិតចិន បានសម្ដែងនូវអំណរសាទរ យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេ​ជោនាយករដ្ឋមន្ត្រី ក្នុងឱកាសដ៏ឧក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី ៦៥នៃការបង្កើត​ទំនាក់ទំនង​ការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបន្តថា ចិននិងកម្ពុជាគឺជាមិត្តពិតប្រាកដដែលជឿជាក់គ្នាទៅវិញទៅមកយ៉ាង​ខ្លាំង និងជាដៃគូដ៏ល្អ ដោយឈរជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងក្នុងគ្រាល្អ និងគ្រាលំ​បាក។ រយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទោះបីស្ថានការណ៍អន្តរជាតិមានការវិវឌ្ឍយ៉ាង​ណាក៏​ដោយ មិត្តភាពរវាងប្រទេសដ៏អស្ចារ្យនៃយើងទាំងពីរនៅតែបន្តរីកចម្រើនកាន់តែខ្លាំង​ក្លា​ថែម​ទៀត។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីចិនបានលើកឡើងថា ឆ្នាំនេះត្រូវបានកំណត់ថា ជា​មិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូត ដែលឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ប្រកបដោយ​គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ឯកឧត្ដមនាយករដ្ឋមន្ត្រីបានអះអាងថា ឯកឧត្ដមបានត្រៀមខ្លួន​ជាស្រេច ក្នុងការធ្វើ​ការ​​ជា​មួយ​សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចសហការកាន់តែជិតស្និទ្ធលើ​គ្រប់​វិស័យ និងគ្រប់មូលដ្ឋាន នៃប្រទេសទាំងពីរ ក្នុងគោលបំណងធ្វើឱ្យសម្រេចបាននូវលទ្ធ​ផលជា​ផ្លែផ្កាបន្ថែមទៀត តាមរយៈ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ដ៏ជិតស្និទ្ធ និងសូមឱ្យមិត្តភាពចិន-កម្ពុជា គង់វង្សជាអមតៈ៕