ព័ត៌មានជាតិ

គ.ជ.ប រៀបបចំកម្មវិធីសង្ខេបព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ

ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សម្រួលការផ្សាយ៖ គង់ សុខហេង
រាជធានីភ្នំពេញ ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣ បានបញ្ចប់ ដោយមានការ ចូលរួមសង្កេតមើលពីអ្នកសង្កេត ការណ៍ការបោះឆ្នោតជាតិ និងអន្តរ ជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត បានរៀបចំកម្មវិធីសង្ខេបព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣ ជាមួយក្រុមអ្នកសង្កេត ការណ៍បោះឆ្នោតអន្តរជាតិ ដែលត្រូវបានអញ្ជើញដោយ គ.ជ.ប កម្ពុជា។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

នាឱកាសនោះដែរ ឯកឧត្តម នុត សុខុម បានធ្វើការសង្ខេបព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថា ការិយាល័យបោះឆ្នោតទាំង ២៣.៧៨៩ បានបើកដំណើរការ និងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក មិនមានការពន្យារពេល ឬរាំងស្ទះអ្វីឡើយ។ ឯកឧត្តមបាន ឱ្យដឹងដែរថា ការបោះឆ្នោតនេះ អ្នកដែលបានទៅបោះឆ្នោតមានចំនួន ៨,២១៣,២៦០នាក់ ដែលស្មើនឹង ៨៤.៥៨% នៃអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ថា ការបោះឆ្នោតនេះផងដែរ មានបរិយាកាសល្អប្រសើរ មិនមានអំពើហឹង្សា ឬភាពមិនប្រក្រតីណា មួយដែលរារាំង ដល់ការបោះឆ្នោតនោះទេ។

នៅក្នុងថ្ងៃនេះផងដែរ ក្រុមអ្នក សង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលត្រូវបានអញ្ជើញដោយ គជប កម្ពុជា ដើម្បីចូលរួមក្នុងការសង្កេតមើលការបោះឆ្នោតបានថ្លែងចំណាប់អារម្មណ៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕