ព័ត៌មានជាតិ

ប្រទេសកម្ពុជាបានឈានចូលដល់ដំណាក់កាលមួយ នៃដំណើរការប្រជាធិបតេយ្យ ដែលមានភាពចាស់ទុំ

ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សម្រួលការផ្សាយ៖ គង់ សុខហេង
រាជធានីភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា ប្រទេសកម្ពុជាបានឈានចូលដល់ដំណាក់កាលមួយ នៃដំណើរការប្រជាធិបតេយ្យ ដែលមានភាពចាស់ទុំ សម្រាប់គណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។  ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នក សារព័ត៌មាន ក្នុងសន្និសីទសារព័ត៌ មានរបស់អ្នកសង្កេតការណ៍ជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៣ នាសណ្ឋាគារ Hyatt Regency Phnom Penh  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា តាមការវាយតម្លៃរបស់អង្គការសង្គមស៊ីវិល ទាំងចំនួន៩០ស្ថាប័ន ដែលមានតំណាងវាគ្មិនចំនួន៤នាក់បានធ្វើការវាយតម្លៃ ហើយមានការបំពេញបន្ថែមដោយលោក លោក ស្រី តំណាងអង្គការសង្គមស៊ីវិលផ្សេងទៀត ថា ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺមានភាពត្រឹមត្រូវ សេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ មិនមានការបំភិតបំភ័យអ្វីទាំងអស់។

     ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានបន្តថា ជោគជ័យនៃការបោះឆ្នោតនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ក៏បានខិតខំបង្កបរិយាកាសក្នុងការប្រព្រឹត្តទៅនៃការបោះឆ្នោតនេះដោយមានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយផងដែរ។ មួយវិញទៀតការរៀបចំរបស់ គ.ជ.ប គោរពទៅតាមច្បាប់គតិយុត្តដែលមានជាធរមាន ហើយការចូល រួមរបស់គណបក្សនយោបាយទាំង អស់ក៏មានភាពសកម្ម ទៅតាមលទ្ធភាពរបស់ខ្លួន ដូច្នេះទាំងនេះគឺជាកត្តាគន្លឹះ ដែលអាចវាយតម្លៃបានថា ការរៀបចំការបោះឆ្នោតលើកនេះ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌។
ឯកឧត្តម បានបញ្ជាក់ថា ចំណុចមួយដែលបានឃើញទាំងអស់គ្នាហើយភ្ញាក់ផ្អើលនោះ អត្រាអ្នកអញ្ជើញទៅបោះឆ្នោតតួលេខបឋម រហូតទៅដល់ជាង៨៤ភាគរយឯណោះ ដែលជាអត្រាខ្ពស់ណាស់ធៀបទៅនឹងអត្រាដែលអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។

     បន្ថែមពីនោះទៀត បានបង្ហាញពីឆន្ទ:របស់ប្រជាពលរដ្ឋ នៅក្នុងការចង់បញ្ចេញមតិ ដែលជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលត្រឹមត្រូវ ដើម្បីអនាគតប្រទេសជាតិ បោះជំហានទៅមុខ ប្រកបដោយការអភិវឌ្ឍ សន្តិភាព វិបុលភាព និងស្ថេរភាព។  « ការប្រព្រឹត្តទៅនៃការ បោះឆ្នោតនេះ គឺមានភាពត្រឹមត្រូវ សេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ មិនមានការបំភិតបំភ័យអ្វីទាំងអស់ ខ្ញុំគិតថា នេះគឺជាចំណុចមួយសំខាន់ដោយសារប្រទេសកម្ពុជាយើងបានឈានចូលដល់ ដំណាក់ កាលមួយនៃដំណើរការប្រជាធិប តេយ្យ ដែលមានភាពចាស់ទុំគួរសមហើយ»។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋចំនួនជាង ៨៤ភាគរយ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ជាង៩លាននាក់ ។

     ក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោត ១៨មានគណបក្សចំនួន ៨ ប៉ុណ្ណោះ ដែលបានដាក់ភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ដើម្បីសង្កេតមើលការបោះ ឆ្នោតនៅតាមការិយាល័យបោះ ឆ្នោត និងការិយាល័យរាប់សន្លឹក ឆ្នោត ហើយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានសម្រេចអនុញ្ញាតមានសរុបចំនួន ៥៧,០១២ នាក់ (ស្ត្រី ១៦,៦២៤ នាក់) ៕