ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីអនាគតនយោបាយដែលសម្ដេចនៅតែបន្តក្នុង​មុខ​នាទី​ជា​​ប្រធានគណបក្ស ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជា​ប្រធានព្រឹទ្ធ​សភា

ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជម្រាបជូនជនរួមជាតិ អំពីអនាគតនយោបាយរបស់សម្ដេចថា សម្ដេចនៅតែបន្តក្នុង​មុខ​នាទីជាប្រធានគណបក្សកាន់អំណាច និងធ្វើជាសមាជិករដ្ឋសភា បន្ថែមលើនោះ គឺព្រះ​មហា​ក្សត្រព្រះអង្គទ្រង់ព្រះរាជទានតែងតាំង សម្ដេចជាប្រធានឧត្ដមក្រុមប្រឹក្សា​ព្រះមហា​ក្សត្រនិងជាប្រធានព្រឹទ្ធសភា នៅក្រោយពេលដែលសម្ដេចចាកចេញជាស្ថាបពរពី​ដំណែង​​ជានាយករដ្ឋមន្ត្រី។

​ក្នុងសារពិសេសជាសំឡេងតាមតេឡេក្រាម រសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យោងទៅលើការសម្រេចចិត្តរបស់គណៈ​អចិន្ត្រៃយ៍​នៃគណបក្សប្រជាជនកម្ពុជា និងយោងទៅការដែលសម្ដេចបានចូលទីគាល់ព្រះមហាក្សត្រ និងសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដើម្បីប្រកាសថា សម្ដេច នឹងមិនបន្តមុខ​ដំណែង​ជានាយករដ្ឋមន្ត្រីនោះទេបើទោះបីជាសម្ដេចបានប្រកាសខ្លួនថាជាបេក្ខ​ជន​នាយក​រដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ហើយឯកឧត្ដម ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋ​មន្ត្រី​អនាគត។ សម្ដេចតេជោថ្លែងបន្តថា សភាពការណ៍បានតម្រូវឱ្យត្រូវធ្វើការរៀបចំ​រាជរដ្ឋាភិ​បាល ចាប់ពីដើមអាណត្តិនេះទៅ ដើម្បីធានានូវភាពរលូននៃដំណើរការរាជ​រដ្ឋាភិបាល​ដោយ​គ្មានអាក់ខាន។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីលើកឡើងថា ប្រសិនបើសម្ដេចបន្តធ្វើជានាយករដ្ឋ​មន្ត្រី​ក្នុងរយៈពេល១ឆ្នាំ ឬ ២ឆ្នាំ រួចហើយទើបលាលែងចេញពីដំណែង សភាពការណ៍​នឹងមានការអស្ថិរភាពក្នុងមួយរយៈកាល។ ដូច្នេះវាមានការចាំបាច់ណាស់ ដើម្បីឱ្យគណៈ​រដ្ឋ​មន្ត្រីថ្មីមួយ ដែលភាគច្រើនជាមនុស្សវ័យក្មេងទទួលបាននូវកិច្ចការដែលពួកគេត្រូវ​ទទួល​បានសម្រាប់ពេលអនាគត។ សម្ដេចតេជោគូសបញ្ជាក់ថា សម្ដេច និងឥស្សរជន​ដទៃទៀត មានវ័យ៧០ ឆ្នាំ និងជាង ៨០ឆ្នាំរួចទៅហើយ គប្បីត្រូវឈរនៅពីខាងក្រោយ​ខ្នង។ សម្ដេចតេជោថ្លែងថា៖ «យើងត្រូវតែហ៊ានលះបង់នូវអំណាច»។ សម្ដេចតេជោបាន​លើកជាសំណួរថា តើហេតុដូចម្ដេច បានជាសម្ដេចប្រញាប់ប្រញាល់ចាកចេញពីដំណែង​ដូច្នេះ ដោយសម្ដេចតេជោថ្លែងអះអាងថា នេះជាការរៀបចំទុកជាមុន នៅការរក្សាស្ថិរ​ភាព និងសន្តិភាពរយៈពេលវែងរបស់ប្រទេស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ ទន្ទឹម​នេះ​វាជាការធានាអះអាងមួយ នៅពេលដែលអ្នកជំនាន់ថ្មីចូលកាន់ដំណែង អ្នកជំនាន់ចាស់​គឺនៅឈរអែបខ្លួនគេ។

សម្ដេចតេជោបានបន្ថែមថា រូបសម្ដេច និងសម្ដេចក្រឡាហោម ស ខេង សម្ដេចពីជ័យសេនា ទៀ បាញ់ សម្ដេច ម៉ែន សំអន និងឧបនាយករដ្ឋមន្ត្រីមួយចំនួនទៀត ក៏នឹង​ចាកចេញផុតពីដំណែងផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី​ក៏បានជម្រាបជូនជន​រួម​ជាតិអំពីអនាគតនយោបាយរបស់សម្ដេចថា សម្ដេចនៅតែបន្តក្នុងមុខនាទីជា​ប្រធាន​គណ​បក្សប្រជាជនកម្ពុជា និងធ្វើជាសមាជិករដ្ឋសភា បន្ថែមលើនោះ គឺព្រះមហាក្សត្រ​ព្រះ​អង្គទ្រង់ព្រះរាជទានតែងតាំង សម្ដេចជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្រោយ​ពេល​ដែលសម្ដេចចាកចេញជាស្ថាបពរ ពីគណៈរដ្ឋមន្ត្រី ។ បន្ទាប់មកនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺសម្ដេចនឹងទៅឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ហើយតាមការគ្រោង​ទុក​របស់គណបក្សប្រជាជនកម្ពុជា គឺសម្ដេចនឹងក្លាយខ្លួនទៅជាប្រធានព្រឹទ្ធសភា ជំនួស​សម្ដេចវិបុលសេនា សាយ ឈុំ ដែលគាត់មានអាយុច្រើន ហើយចង់ឈប់សម្រាក។ ដូច្នេះ សម្ដេចតេជោគឺនៅតែមានលទ្ធភាពដើម្បីបន្តបម្រើប្រជាពលរដ្ឋ នឹងជួយទៅដល់រាជរដ្ឋាភិ​បាល ក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជា ចូលរួមចំណែលដល់ការអភិវឌ្ឍ​ប្រទេស​ជាតិបន្តទៀត។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា៖ «នេះជាការលះបង់មួយដ៏ធំរបស់សម្ដេច ប៉ុន្តែ​ការលះបង់នេះគឺជាការធានាមួយដ៏ធំនៃភាពសុខសាន្តរបស់ប្រជាជន»។ សម្ដេចតេជោក៏​បាន​ថ្លែងឱ្យដឹងអំពីប្រក្រតិទិនការងារដែលត្រូវរៀបចំរាជរដ្ឋាភិបាលថ្មីថា នៅពេលដែល​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការរួចហើយ ព្រះមហាក្សត្រ ទ្រង់តែងតាំងនាយករដ្ឋមន្ត្រី ដើម្បីឱ្យរៀបចំរាជរដ្ឋាភិបាល សម្រាប់នាំយកទៅសុំ​សេចក្ដី​ទុកចិត្តពីរដ្ឋសភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងឱ្យដឹងទៀតថា យោងទៅលើប្រតិទិន អាចមាន​លទ្ធ​ភាពពីរកើតឡើង គឺបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធ​ផល​ផ្លូវការ រាប់ទាំងបេក្ខជនជាប់ឆ្នោត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ គឺព្រះ​មហាក្ស​ត្រ​​ទ្រង់តែតាំងនាយករដ្ឋមន្ត្រីថ្មី ចំថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែបើតាមដឹង​ព័ត៌មាន​មកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ ដូច្នេះប្រសិនបើប្រកាសលទ្ធផលបោះឆ្នោតនៅថ្ងៃទី០៥ ខែសីហា គឺនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីតែម្ដង។ ធ្វើយ៉ាងនេះ ដើម្បីឱ្យនាយករដ្ឋមន្ត្រីថ្មី មានឱកាសគ្រប់គ្រាន់ ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាល។

សម្ដេចតេជោបានបន្ដទៀតថា ចំពោះកាលបរិច្ឆេទនៃការប្រជុំសភា ជាលើកដំបូង គឺព្រះមហាក្សត្រ និងកោះប្រជុំសភា ជាលើកដំបូង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងពេលល្ងាចនឹងមានការស្បថចូលកាន់ដំណែងរបស់សមាជិកសភា។ បន្ទាប់មកនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ សភានឹងកោះប្រជុំក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយ​ពេល​នោះក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល នឹងត្រូវបង្កើតឡើង និង​ពេលល្ងាចគណៈរដ្ឋមន្ត្រីនឹងស្បថចូលកាន់ដំណែង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីថា សម្ដេចនៅតែជាតួអង្គនយោ​បាយ ដែលដឹកនាំប្រទេសជាបន្តទៀត តាមរយៈជាប្រធានគណបក្សកាន់អំណាច ជា​ពិសេស​គឺដើម្បីការពារព្រះរាជបល្ល័ង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​ចំពោះ​ជនរួមជាតិដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានអត្រារហូត​ទៅដល់ ៨២,៣០ភាគរយ គឺកើនជាង១លានសំឡេងបើប្រៀបធៀបជាមួយនឹងការ​បោះ​ឆ្នោតថ្នាក់ឃុំ សង្កាត់ កាលពីឆ្នាំ២០២២។ សម្ដេចតេជោអះអាងថា នេះជាសន្ទុះនៃដំណើរ​ការប្រជាធិបតេយ្យនៅកម្ពុជា និងការជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជាឱ្យដឹក​នាំ​រាជរដ្ឋាភិបាល៕