បន្ទាប់ពីការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ចាប់ផ្តើមផ្តល់ជូនសំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់ ស៊ីហ្គេម ២០២៣ រវាងក្រុមឥណ្ឌូណេស៊ី ទល់នឹងក្រុមហ្វីលីពីន និងការប្រកួត កម្ពុជា ទល់នឹង ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក មហាជនបានសម្រុកទៅទទួលសំបុត្រយ៉ាងច្រើនកកកុញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC មានប្រសាសន៍ថា ការចែកជូនសំបុត្រនេះ គឺសហព័ន្ធមានសំបុត្រក្នុងដៃមានចំនួន ១៣ ០០០ សំបុត្រ និងតំបន់ A មាន ១ ៣០០ សំបុត្រសម្រាប់ការចែកជូនដោយឥតគិតថ្លៃ។ ក្រៅពីនេះក៏មានសំបុត្រដោយឡែកសម្រាប់ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា។ លោកបានបញ្ជាក់ថា ដោយសារតែចំនួនមានកំណត់បែបនេះទើបមហាជនបានសម្រុកមកទទួលយកសំបុត្រយ៉ាងច្រើនកកកុញបែបនេះ។
លោក កែវ សារ៉េត បានសង្កត់ធ្ងន់ថា ទោះយ៉ាងនេះក្តី នេះជាសញ្ញាណមួយដ៏ល្អ ដែលមហាជនបានផ្តល់ការគាំទ្រសម្រាប់ការប្រកួតកីឡាបាល់ទាត់ ស៊ីហ្គេម ២០២៣។ លោកបានអះអាងថា នេះជាប្រវត្តិសាស្ត្រស៊ីហ្គេមដំបូងរបស់កម្ពុជា ប្រហែលមហាជនចង់ឃើញការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជាថាតើកម្ពុជាមានលទ្ធផលបែបណា ដូចអ្វីដែលគាត់ចង់ឃើញឬយ៉ាងណា។ ក្នុងម្នាក់ៗអាចទទួលបាន២សំបុត្រ ដោយសំបុត្រ ១សន្លឹក អាចប្រើប្រាស់បាន២ប្រកួត សម្រាប់ថ្ងៃទី២៩ ខែមេសា តែម្តង។
ជាមួយការប្រកាសផ្តល់សំបុត្រទស្សនា ការប្រកួតបាល់ទាត់បុរស ថ្ងៃបើកឆាក នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៩ ខែមេសា ខាងមុខនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ ដែលបានដឹកដំណឹងនេះ នាំគ្នាទៅទទួលយកសំបុត្រនេះ យ៉ាងច្រើនកុះករ ហើយអ្នកខ្លះទៀត ក៏មិនទាន់បានដឹងពីព័ត៌មានជាក់លាក់នៃការចែកសំបុត្រនេះនៅឡើយទេ។ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកឱ្យអ្នកគាំទ្រចូលយក នៅម៉ោង១២ ថ្ងៃត្រង់ ហើយត្រឹមជាង១ម៉ោងប៉ុណ្ណោះ សំបុត្រសរុបចំនួន១៤៣០០សន្លឹក ក៏ត្រូវបានចែកអស់បាត់ទៅហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើនរយនាក់ទៀត ដែលកំពុងឈរចាំ មិនទទួលបានសំបុត្រនេះទេ។
យ៉ាងណាមិញសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ចំពោះរឿងសំបុត្រនេះថា មានស្ថាប័នផ្សេងៗទៀតទទួលបានសំបុត្រ ដើម្បីចែកផងដែរ។
នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានប្រកាសជូនជាថ្មីម្តងទៀតថាសំបុត្រទស្សនការប្រកួតកីឡាស៊ីហ្គេម សម្រាប់ការប្រកួតនាថ្ងៃទី២៩ ខែមេសា ដែលសហព័ន្ធទទួលពីគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គឺសហព័ន្ធបានចែកជូនអស់ហើយ។ សហព័ន្ធនឹងផ្ដល់ព័ត៌មានជូនដល់បងប្អូននៅថ្ងៃស្អែក ប្រសិនបើសហព័ន្ធទទួលបានសំបុត្របន្ថែមពីគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម។
ដោយឡែក គណៈកម្មាធិការជាតិ CAMSOC បានប្រកាសនៅល្ងាចថ្ងៃនេះដែរថា អ្នកគាំទ្រអាចទៅទទួលយកសំបុត្រដែលនៅសល់ ៥ ០០០ សន្លឹក នៅ៦ ទីតាំងមួយចំនួនទៀត ដូចជាផ្សារទំនើបអ៊ីអនម៉ល ១ ចំនួន ១ ០០០ សន្លឹក, ផ្សារទំនើបអ៊ីអនម៉ល ២ ចំនួន ១ ០០០ សន្លឹក, ផ្សារទំនើបអ៊ីអនម៉ល ៣ ចំនួន ១ ០០០ សន្លឹក, Eden Garden (រោងភាពយន្ដ Legend) ១ ០០០ សន្លឹក, ពហុកីឡដ្ឋានជាតិ ១ ៥០០ សន្លឹក។ អ្នកគាំទ្រអាចទៅរកបាននៅកន្លែងលក់សម្ភារផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម ឬនៅតាមស្ដង់ដែលមានដាក់ថាទទួលសំបុត្រ (Ticket Pick-up Booth)។ ចំពោះសំបុត្រឥតគិតថ្លៃសម្រាប់ការប្រកួតផ្សេងទៀតនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ៕