ខេត្តកែប៖ សូមបញ្ជាក់ថា រយៈប៉ុន្មានថ្ងៃនេះ មានអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយអំពីការកាប់ទន្ទ្រានដីព្រៃកោងកាងលិចទឹក ដែលឃើញថាជាដីព្រៃកោងកាងលិចទឹក និងបានស្នើសុំអាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកអភិបាលស្រុក និងលោកអភិបាលខេត្ត រកដំណោះស្រាយបង្ក្រាប។
យោងតាមប្រសាសន៍ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ការកាប់ដើមកោងកាងនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺមិនមែនជាដីដែលកាប់ទន្ទ្រានដីព្រៃកោងកាងខុសច្បាប់នោះទេ គឺខាងភាគីម្ចាស់ដីដែលបានដាក់អេស្កាកាប់នេះ បានប្រព្រឹត្តនៅលើដីដែលជាកម្មសិទ្ធិស្របច្បាប់របស់លោកពិតប្រាកដមែន មិនមែនដូចដែលមហាជន និងអ្នកសារព័ត៌មានមើលឃើញនោះទេ។
សរុបជាលទ្ធផល ក្រោមការសង្កេត និងពិនិត្យឯកសារកន្លងមក និងមានការបញ្ជាក់ពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ការកាប់ទន្រ្ទានព្រៃនេះ ជាការអនុវត្តដោយស្របច្បាប់ ព្រោះមានឯកសារគ្រប់គ្រាន់ ហើយឯកឧត្តម ក៏សូមអរគុណចំពោះអ្នកសារព័ត៌មានដែលបានខិតខំជួយផ្តល់ដំណឹង ដើម្បីអនុវត្តនីតិវិធី បម្រើប្រយោជន៍រួមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។