ព័ត៌មានជាតិ

រដ្ឋបាលស្រុកអង្គស្នួល រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីឆ្លើយតបនឹងគម្រោងដែលជាតម្រូវការរបស់ប្រពលរដ្ឋនៅមូលដ្ឋាន

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក នៃរដ្ឋបាលស្រុកអង្គស្នួល នាព្រឹកថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន និងត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។

ឯកឧត្តមបន្ថែមថា៖សម្រាប់ខេត្តកណ្តាលសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ/សង្កាត់
នៅថ្នាក់ក្រុង/ស្រុកបានចាប់ផ្តើមពីថ្ងៃទី១៤ដល់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តាក្រុង/ស្រុកទាំង១៣ក្នុងខេត្ត។
ឯកឧត្តមបន្តថា៖សិក្ខាសាលាយើងនៅពេលនេះគឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ឋភាពថែមទៀតក្នុងការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។ចំពោះឃុំ/សង្កាត់ជារៀងរាល់ឆ្នាំ ចំនួនគម្រោងជាតម្រូវការអាទិភាពដែលបានស្នើឡើងមានការ កើនឡើងជាលំដាប់ស្របតាមនិន្នាការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ។
ឯកឧត្តមបញ្ជាក់បន្ថែមថា៖ជាក់ស្ដែងគម្រោងស្នើឡើងទូទាំងខេត្តឆ្នាំ២០២២ សម្រាប់អនុវត្តឆ្នាំ២០២៣ មាន ៣,៦៤៣គម្រោង មាន ៧វិស័យ រួមមាន វិស័យកសិកម្ម ៣៨៥គម្រោង, វិស័យអាជីវកម្ម ៤៤៣គម្រោង, វិស័យវិស័យអប់រំ ៣១២គម្រោង, វិស័យសុខភាព ៨៤៤គម្រោង, វិស័យភាពងាយរងគ្រោះ ១៤៨គម្រោង, វិស័យបរិស្ថាន ៦២៩គម្រោង និងវិស័យ រដ្ឋបាល និងសន្តិសុខ ៨៩២គម្រោង ទទួលបានការគាំទ្រតាមរយៈ ការចុះកិច្ចព្រមព្រៀងបណ្តោះ អាសន្នចំនួន ២,១៦៤គម្រោង ស្មើនឹង ៥៩% ។
ដោយឡែក ស្រុកអង្គស្នួល គម្រោងស្នើឡើងទាំង ៧វិស័យ សរុប ៤៤៦គម្រោង រួមមាន វិស័យកសិកម្ម ៣៥គម្រោង វិស័យអាជីវកម្ម ៥២គម្រោង វិស័យវិស័យអប់រំ ៥១គម្រោង វិស័យសុខភាព ១២២គម្រោង វិស័យ ភាពងាយរងគ្រោះ ៣៤គម្រោង វិស័យបរិស្ថាន ៨២គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៧០គម្រោង ទទួល បានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២១១គម្រោង ស្មើនឹង ៤៧% ។
ឯកឧត្តមសង្ឃឹមថាគម្រោងតម្រូវការជាអាទិភាពរបស់ឃុំទាំង០៧ នៅក្នុងស្រុកដែលស្នើឡើងក្នុងឆ្នាំ២០២៣សម្រាប់អនុវត្តឆ្នាំ២០២៤ ស្រុកអង្គស្នួល
នឹងទទួលបានការគាំទ្រពីមន្ទីរ/អង្គភាព និងសប្បុរសជនទៅតាមលទ្ឋភាព សង្គមស៊ីវិល និងធនធានដែលមានដើម្បីជួយអភិវឌ្ឍឃុំ/សង្កាត់ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។
បន្ថែមពីលើនេះ ឯកឧត្តមបានបញ្ជាក់ថា៖ នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៤ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត។
ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងគាំទ្រក្នុងសិក្ខាសាលាសរុបរួម ២៣០/២០២គម្រោង ស្មើនិង១១៤ភាគរយ ក្នុងគម្រោង ១៤៦/២០២គម្រោង ស្មើនិង៧២ភាគរយ ក្រៅគម្រោង ៨៤/២០២គម្រោង ស្មើនិង៤២ភាគរយ ដោយឡែកគម្រោងរបស់ក្រុង-ស្រុក ទទួលបានការគាំទ្រ ៦/៩៤គម្រោង ស្មើនិង៦ភាគរយ ក្នុងគម្រោង៦/៩៤ ស្មើនិង៦ភាគរយ ក្រៅគម្រោង ០គម្រោង៕