ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ

(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វឿង ឌិញហ្វេ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបាននូវការគាំទ្រសន្ធឹកសន្ធាប់ ដូចដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ គឺពិតជាបានចូលរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខ ហើយនឹងឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។ ដោយឡែក ឯកឧត្តម វឿង ឌិញហ្វេ ក៏បានរំឭកអំពីអនុស្សាវរីយ៍ល្អៗ ដែលរូបឯកឧត្តម ទទួលបានពីការចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ព្រមជាមួយនឹងឱកាសនៃជំនួបសម្តែងការគួរសមជាមួយនឹង សម្តេចតេជោ ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍ និងបានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែង និងជាលក្ខណៈប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការទូតប្រមាណ ៥៦ ឆ្នាំកន្លងមកនេះ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជូនចំពោះ ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋសភាវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភដល់រដ្ឋសភាកម្ពុជា ព្រមជាមួយនឹងការគូសបញ្ជាក់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឈរលេីនិរន្តភាព និង សង្គតិភាព ហេីយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត និងអង្គនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ ៕