ប្រភពពីពលរដ្ឋបានឱ្យដឹងថា ថៅកែបនល្បែង កំពុងសម្រុកពង្រីកទីតាំងល្បែងស៊ីសងជល់មាន់អនឡាញ និងឡូតូខុសច្បាប់ នៅផ្លូវក្រវាត់ក្រុងលេខ២១ ខាងត្បូងផ្សារធំ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ប៉ុន្តែអាជ្ញាធរខេត្តតាកែវ ហាក់បណ្តែតបណ្តោយ ធ្វើមិនដឹងមិនលឺអ្វីទាំងអស់ ប្រហែលសមត្ថភាពមិនដល់ម្ចាស់ទីតាំង ទើបមិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ខាងលើនេះ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ពលរដ្ឋបន្តថា លោកនាយប៉ុស្តិ៍ប្រហែលជាគ្មានសមត្ថភាពក្នុងការគ្រប់គ្រងមូលដ្ឋានឱ្យគ្រប់ជ្រុងជ្រោយនោះទេ បានជាបណ្តែតបណ្តោយឱ្យល្បែងស៊ីសងកើតមានឡើងនៅក្នុងមូលដ្ឋាន ហើយមិនចុះបង្ក្រាបឱ្យទាន់ពេលវេលា ដែលល្បែងស៊ីសងគឺជាដើមចមនៃការបង្កើតបទល្មើសនៅក្នុងមូលដ្ឋានដូចជាអំពើរចោរកម្ម (ចោរឆក់ ចោរលួច ចោរប្លន់) និងអំពើរហិង្សានៅក្នុងគ្រួសារជាដើម ជាពិសេសពង្វក់ប្រជាពលរដ្ឋយកពេលដែលធ្វើការចិញ្ចឹមជីវិត បែរជាមកភ្នាល់ផ្សងសំណាងទៅវិញ។
ប្រជាលរដ្ឋសង្ឃឹមថា លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ យកចិត្តទុក្ខខ្ពស់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទ មិនបណ្តែតបណ្តោយឱ្យមានល្បែងស៊ីសងកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ គួរតែមានវិធានការក្តៅអនុវត្តបង្ក្រាបល្បែងស៊ីសងដែលកើតមានក្នុងមូលដ្ឋានឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ជៀសវាងប្រជាពលរដ្ឋ និងមតិមហាជនរិះគន់អាជ្ញាធរមូលដ្ឋាន ដោយសារការអសមត្ថភាព និងគ្មានឆន្ទៈក្នុងការបង្ក្រាប ទើបទីតាំងល្បែងនៅតែអាចបើកដំណើរការបាន។