ព័ត៌មានជាតិ

កម្លាំងជំនាញគណកម្មការជាតិបង្រ្កាបបទល្មើសព្រៃឈើ ចុះបេសកកម្មដោយមិនប្រាប់មន្ត្រីខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង កំពង់ធំ ព្រោះខ្លាចបែកការណ៍!

ភ្នំពេញ៖ ករណីបទល្មើសព្រៃឈើដែលជាបទល្មើសជាក់ស្ដែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទទួលភារកិច្ចពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចបញ្ជាកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបភ្លាមៗដោយផ្ទាល់ មិនចាំបាច់ជូនដំណឹងទៅថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីរក្សាការសម្ងាត់ ក្នុងការបង្ក្រាបឱ្យមានប្រសិទ្ធភាព
យោងតាមអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បញ្ជាក់ថា មិនមានសេចក្តីរាយការណ៍ ឬការស្នើសុំកម្លាំង មធ្យោបាយពីថ្នាក់ខេត្ត ក្រុង ស្រុក មក ថ្នាក់ជាតិនោះទេ គឺថ្នាក់ជាតិទទួលព័ត៌មានច្បាស់ការណ៍ពីជំនាញស្រាវជ្រាវព័ត៌មាន។

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លើកឡើងថា ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មកដល់ថ្ងៃនេះ ឃើញថានៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាននានា បានផ្សព្វផ្សាយព័ត៌មានអំពីសារសំឡេង ដែលជាបទបញ្ជាក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានចេញបទបញ្ជាបង្ក្រាបបទល្មើសព្រៃឈើ ជាបទល្មើសជាក់ស្ដែងនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ។

គណៈកម្មការជាតិ បានកត់សម្គាល់ការផ្ដល់មតិក្នុងបណ្តាញព័ត៌មានសង្គម ឃើញថា មានបុគ្គលខ្លះគាំទ្រ បញ្ចេញមតិក្នុងន័យស្ថាបនា និងបុគ្គលខ្លះទៀតបានបញ្ចេញមតិក្នុងន័យចំអក រិះគន់ ចោទប្រកាន់។
គណៈកម្មការជាតិ ទទួលយករាល់ការបញ្ចេញមតិទាំងអស់ ដើម្បីរក្សាការពារព្រៃឈើឱ្យបានគង់វង្ស។

អ្នកនាំពាក្យគណៈកម្មការជាតិ បញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើ បង្ក្រាប និងរឹបអូសឈើប្រភេទលេខ១សរុបចំនួន៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្តោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។ ជាមួយគ្នានេះដែរ បានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី៕
ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ពិសេសតំបន់ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរកា ដែលមានផ្ទៃដីធំធេងរហូតដល់ ៩ម៉ឺន៦ពាន់ហិកតា គ្របដណ្ដប់ លើភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែបរបស់ខេត្តព្រះវិហារ ក្រោមការគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ក៏ប៉ុន្តែព្រៃ នេះបានទទួលរងការកាប់បំផ្លិចបំផ្លាញព្រៃឈើ ធ្វើអាជីវកម្មខុសច្បាប់ អស់រយៈពេលច្រើនឆ្នាំមកហើយ។