ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញញ្ញតិគាំទ្រ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា»

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញញ្ញតិគាំទ្រ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា» នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះដែលមានខ្លឹមសារដូចតទៅ៖ យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត ប្រជាពលរដ្ឋទូទាំង ខេត្តព្រះសីហនុ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងដោយឥតងាករេចំពោះប្រសាសន៍ដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធី សម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ កំណត់យកថ្ងៃទី ២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”។

កម្ពុជាជាប្រទេសរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយសារតែភ្លើងសង្គ្រាមរាប់ទសវត្ស មកហើយប៉ុន្តែក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គ មគ្គុទ្ទេសក៍ដ៏ឆ្នើម និងជាបិតាសន្តិភាពរបស់កម្ពុជា ផ្តើមចេញពីការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន បិទបញ្ចប់ភ្លើងសង្គ្រាមរកឃើញ សុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ជាស្ថាពរទំព័រដ៏ខ្មៅងងឹតនៃការបែកបាក់ជាតិក្នុងរយៈពេល៥០០ឆ្នាំ បាន ដឹកនាំប្រទេសប្រកបដោយជោគជ័យទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គលដូចបច្ចុប្បន្ន។ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា» គឺជាការសម្តែងនូវកតញ្ញូតាធម៌ រំលឹក ដឹងគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ ។

ជាពិសេសគឺ ជាការក្រើនរំលឹកដល់កូនខ្មែរជំនាន់ក្រោយឱ្យមានស្មារតីរលឹកដល់ទុក្ខវេទនា បណ្តាលមកពីភ្លើងសង្គ្រាម និងការ បែកបាក់សាមគ្គីជាតិពីអតីតកាល ព្រមទាំងបំផុសស្មារតីកូនខ្មែរជំនាន់ក្រោយឱ្យបានជ្រួតជ្រាបពីគុណតម្លៃ ហើយត្រូវ រួមគ្នាថែរក្សាឱ្យបានគង់វង្សនូវសន្តិភាព ដោយមិនត្រូវធ្វើឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងដោយមិនងាករេចំពោះ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា“ទិវាសន្តិភាពនៅកម្ពុជា» ដែលជាគំនិតប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បំផុត និងមានទស្សនវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។