នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបង្កើត “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ- សរសេរជាអក្សរកាត់ (ស.ស.ភ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH សរសេរជាអក្សរកាត់ (EWP) តាមរយៈអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីជំនួសរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ។ សហគ្រាស ស.ស.ភ. ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យជាសហគ្រាសពាណិជ្ជកម្ម មានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។ សហគ្រាស ស.ស.ភ. មានបេសកកម្មគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសោភណភាព ចីរភាព ប្រសិទ្ធភាព គុណភាព និងសុខុមាលភាព។
ចាប់ពីពេលនេះតទៅ សហគ្រាស ស.ស.ភ. ចាប់ផ្តើមដំណើរការប្រតិបត្តិការការងាររបស់ខ្លួនពេញលេញ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ។ អាស្រ័យហេតុនេះ សូមគ្រប់ ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជា អតិថិជនប្រើប្រាស់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចូលរួមសហការអនុវត្តសេចក្តីជូនដំណឹង
នេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងសោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអាសយដ្ឋាន អគារលេខ៦៩ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ (រដ្ឋបាលរាជធានីភ្នំពេញ) ឬតាមទំព័រហ្វេសប៊ុកផ្លូវការ (Facebook) សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ឬតាមរយៈតេឡេក្រាម (Telegram) លេខ ០៧៧ ៣៥៧ ១០៨ ឬតាមរយៈលេខទូរស័ព្ទ ០៨១ ៦៤៦ ២២២/ ០១១ ៦៤៦ ២២២ រៀងរាល់ម៉ោងធ្វើការ។