ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសចំណងអាពាហ៍ពិពាហ៍ខួប ១៨ឆ្នាំ 

រាជធានីភ្នំពេញ ៖ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតជូនពរ សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា នៃចំណងអាពាហ៍ពិពាហ៍ខួប ១៨ ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោ៖ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូម គោរពចូលរួមជូននូវសព្ទសាធុការពរជ័យ ដោយស្មោះអស់ពីដួងចិត្ត។

ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ជាអមតៈរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំតាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការបន្ត ពូនជ្រំថែទាំ “សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ព្រមទាំងការលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញា ស្មារតីដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ហើយបញ្ហាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនកម្ពុជា នៅតែជាការងារអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅគ្រប់ ដំណាក់កាលទាំងអស់។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៍ពិពាហ៏កាន់តែមានភាពផ្អែមល្ហែមត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមបានសម ប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត មេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និង អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕