ព័ត៌មានជាតិ

ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើឯកសារមួយចំនួនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបានពិភាក្សា និងពិនិត្យលើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១.កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
២.កែសម្រួល និងឯកភាពលើខ្លឹមសារឯកសារការពារសន្តិសុខបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
-សេចក្តីសម្រេច ស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត
-គំរូប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត
-ខិត្តបណ្ណខ្នាត និងប្រព័ន្ធការពារសន្តិសុខនៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។
៣.ឯកភាពលើឯកសារ ចំនួន ៥ (ប្រាំ) សម្រាប់ធ្វើការជ្រើសរើសសមាសភាពគណៈ-កម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សរុបចំនួន ១៩៨រូប ដែលជា មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
៤.ក្នុងរបៀបវារៈផ្សេងៗ៖
-គ.ជ.ប សម្រេចដាក់ឱ្យប្រើជាផ្លូវការនូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត ឆ្នាំ២០២៤។
-គ.ជ.ប បានពិនិត្យ និងសម្រេចលើឯកសារ ចំនួន ១៣ ឯកសារពាក់ព័ន្ធនឹងការប្រឡងប្រជែងផ្ទៃក្នុងប្ដូរប្រភេទក្របខណ្ឌមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ឆ្នាំ២០២៤។
-អង្គភាពជំនាញបានធ្វើសេចក្តីរាយការណ៍ អំពីបណ្តឹងពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានពាក្យបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ សរុបចំនួន ២២ (ម្ភៃពីរ) ពាក្យបណ្តឹង នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ៨ (ប្រាំបី) ដែលកំពុងធ្វើការដោះស្រាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងការដោះស្រាយពាក្យបណ្តឹងទាំងនោះ។

ជាមួយគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយអង្គភាពជំនាញ សិក្សាស្រាវជ្រាវច្បាប់ ដើម្បីជាមូលដ្ឋានសម្រាប់ គ.ជ.ប ធ្វើការដោះស្រាយក្នុងករណីមានពាក្យបណ្តឹងឡើងមកដល់ថ្នាក់ គ.ជ.ប។

យោងតាមច្បាប់ និងបទបញ្ជា និងនីតិវីធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង មានបីថ្នាក់ គឺនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងនៅក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
រូបភាព៖គ.ជ.ប