សេចក្តីប្រកាសព័ត៌មាន ឆ្លើយតបផ្សព្វផ្សាយជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបអំពីឈ្មោះ កង សុផាណារ័ត្ន ឋានន្តរសក្តិអនុសេនីយ៍ត្រី មុខងារជំនួយការកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។
ថ្ងៃនេះ (ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤) កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយឃ្លីបវីដេអូមួយ ដែលលោក ផែង វណ្ណះ បកស្រាយអំពីមន្ដ្រីកងរាជអាវុធហត្ថខេត្តក្រចេះ ប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប។ កងរាជអាវុធហត្ថយើងខ្ញុំ បានស្តាប់ការបកស្រាយ ការបញ្ចេញមតិរបស់លោក ផែង វណ្ណះ គឺមិនខុសទេ ហើយយើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ផែង វណ្ណះ ដែលមានចិត្តឈឺ ឆ្អាល និងក្តីស្រលាញ់ដល់កម្លាំងកងរាជអាវុធហត្ថយើងខ្ញុំ រហូតដល់លោក ផែង វណ្ណះ សុំទៅមន្ត្រីរដ្ឋបាលព្រៃឈើ និងតំណាងអយ្យការឱ្យជួយទៀតផង។ ជាមួយគ្នានោះ លោក ផែង វណ្ណះ ក៏ បានរំលឹកដល់ការទទួលខុសត្រូវរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថ ឱ្យយកចិត្តទុក ដាក់ ចំពោះយោធិននៃកងរាជអាវុធហត្ថក្រោមឱវាទ ឱ្យអាណិតកូនចៅ ដែលខំធ្វើការបម្រើជាតិបម្រើប្រជាជនអស់ច្រើនឆ្នាំមកហើយ។ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបតាមទិដ្ឋភាពច្បាប់ លិខិតបទ ដ្ឋាន គតិយុត្ត និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖
១-រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។ ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែន ធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ។
២-ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការគោរពច្បាប់ បើប្រព្រឹត្តអំពើល្មើស ត្រូវតែអនុវត្តតាមច្បាប់។ ហើយអ្នកដែលមានសិទ្ធិអំណាចចោទប្រកាន់មានតែតំណាងអយ្យ ការ ប៉ុណ្ណោះ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងក្តីព្រហ្មទណ្ឌឥតចាត់ការបាន ឡើយ។
៣-លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោកជាត្រីវិស័យក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក គឺ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប”។ យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្ដុះបណ្តាល ហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្ត្រជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ “កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់”។
៤-យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទាំងការហូប ការស្នាក់នៅ ការស្លៀកពាក់ពីក្បាលដល់ចុងជើង ការថែទាំ ព្យាបាលជំងឺ និងគោលនយោបាយដោះស្រាយទុក្ខលំបាក ដោយមានមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាការចូលបុណ្យដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់គ្រួសាររបស់យោធិននៃកងរាជអាវុធហត្ថដែលពលី មរណៈ ក្នុងនោះថវិកាចូលបុណ្យរបស់លោកនាយឧត្តមសេនីយ៍ ក្នុងមួយសពចំនួន ៥.០០០.០០០រៀល ផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន។