គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា រយៈពេលថ្ងៃ២ដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ទើបតែមានគណបក្សចំនួន៣ប៉ុណ្ណោះចេញធ្វើសកម្មភាពឃោសនា ខណៈនៅក្នុងការឈ្មោះបោះឆ្នោតមានគណបក្សរហូតទៅដល់៤ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមអាសនៈនៅក្នុងព្រឹទ្ធសភា។
គ.ជ.ប បានបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការឃោសនាបោះឆ្នោតនៅភូមិភាគទី៤ ដោយធ្វើសកម្មភាពជួបប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស ខណៈគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំ ចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយគោល នយោបាយរបស់គណបក្ស នៅតាមទីស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៅភូមិភាគទី១ ភូមិភាគទី២ ភូមិភាគទី៤ ភូមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភូមិភាគទី៨ ។
ចំណែក គណបក្សឆន្ទៈខ្មែរ បានឃោសនាបោះឆ្នោតតាម រយៈការជួបប្រជុំ ការចុះជួបអ្នកបោះឆ្នោត និងការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងផ្ទះសមាជិកគណបក្ស នៅភូមិភាគ ទី៣ ភូមិភាគទី៤ ភូមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភូមិភាគទី៨ ។ ដោយឡែក គណបក្សកម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។
គ.ជ.ប បានអះអាងថា ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយរយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតអសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។
សម្រាប់អង្គបោះឆ្នោត គឺមានអ្នកតំណាងរាស្ត្រក្នុងតំណែងបច្ចុប្បន្នចំនួន១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន១១.៦២២នាក់ ខណៈសមាជិកព្រឹទ្ធសភាទាំងអស់មានសរុប៦២រូប ក្នុងនោះចំនួន៥៨រូប ត្រូវបានបោះឆ្នោជាលក្ខណៈអសកលកាល ចំណែកសមាជិកចំនួន២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ និងចំនួន២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា៕