ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៤នេះ បានចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំ សម្របសម្រួល និងដោះស្រាយបញ្ហាគ្រឿងញៀន តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍លេខ ១២៣៣ តាមប្រព័ន្ធ Online Zoom Meeting នៅសាលាខេត្តកណ្ដាល ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការដឹកនាំ សម្របសម្រួល និងដោះស្រាយបញ្ហា គ្រឿងញៀនតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៏លេខ ១២៣៣។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជំរុញ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការ ងារសម្របសម្រួល និងដោះស្រាយបញ្ហា គ្រឿងញៀនតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៏លេខ ១២៣៣ ជាពិសេត្រូវផ្សព្វផ្សាយ លេខទូរស័ព្ទទាន់ហេតុការណ៏លេខ ១២៣៣ ឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ដើម្បីការសហការរាយការណ៍ បានទាន់ពេល មកសមត្ថកិច្ច។
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពហើយការងារនេះជាការរួមរបស់យើងទាំងអស់គ្នា ដើម្បីលុបបំបាត់ ថែរក្សានូវសុខភាពសុវត្ថិភាពជូនប្រជាពលរដ្ឋ ជៀសផុតពីបញ្ហាគ្រឿងញៀន។