ប្រតិភូខេត្តហ៊ូណាន ដែលដឹកនាំដោយប្រធានមន្ទីរកីឡាខេត្តបានអញ្ជើញមកធ្វើទស្សនកិច្ច ដើម្បីពិនិត្យមើលការៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងបានស្នើសុំចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងរយៈពេលខ្លីមួយ ដែលនឹងបន្តកិច្ចសហការក្នុងការទុកឱ្យកីឡាករ កីឡាការិនីកម្ពុជាហ្វឹកហាត់នៅទីនោះបន្តទៀត ជាមួយគណៈកម្មការជាតិអូឡាំពិក។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ «យើងនៅសល់កិច្ចព្រមព្រៀងដែលជាជំនួយឥតសំណងក្នុងការទទួលយកកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់ ទោះបីជាព្រឹត្តិការណ៍ស៊ីហ្គេមចប់ ក៏នៅតែបន្ត ឱ្យបានពីរ ឬបីខែទៀត ដើម្បីបញ្ចប់គម្រោងថវិកាសម្រាប់ការហ្វឹកហាត់នៅប្រទេសចិន»។ ឯកឧត្ដមបញ្ជាក់ថា នេះជាការល្អមួយដែលយើងអាចបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់បន្តនៅទីនោះ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមហើយ ដើម្បីត្រៀមចូលរួមប្រកួតអេស៊ានហ្គេម នៅប្រទេសចិន។ នេះជាការចុះបន្តនូវ MOU ម្ដងទៀត រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ទីរកីឡាខេត្តហ៊ូណាន។
ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់ទៀតថា ជាកិច្ចសហប្រតិបត្តិការមួយដើម្បីត្រៀមបណ្តុះបណ្តាលផ្នែកបច្ចេកទេស ហើយក៏មានការរៀបចំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទៅលើការជួយគ្នាទៅវិញទៅមក ការជួយផ្សព្វផ្សាយឱ្យគ្នាទៅវិញទៅមក នៅក្នុងកម្មវិធីនៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដែលហៅថា កីឡារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិផ្សេងៗនៅកម្ពុជា និងនៅខេត្តហ៊ូណាន ដោយទាក់ទាញអ្នកចូលរួមរត់ពីកម្ពុជាទៅខេត្តហ៊ូណាន និងពីខេត្តហ៊ូណាន មកកម្ពុជា។ ឯកឧត្ដបន្ដថា នេះជាអ្វីដែលយើងខិតខំប្រឹងប្រែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា សម្រាប់ MOU នៃ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង កម្ពុជានឹងផ្សព្វផ្សាយថាយើងជាដៃគូរបស់ទិវារត់ប្រណាំង នៅឯខេត្តហ៊ូណានអំឡុងពេលរត់ប្រណាំង ហើយយើងនឹងផ្លាស់ប្ដូរគ្នា ដោយបញ្ជូនឱ្យកីឡាករកម្ពុជាសាកល្បងទៅរត់នៅខេត្តហ៊ូណាន ហើយខេត្តហ៊ូណានក៏បញ្ជូនកីឡាកររបស់ខ្លួនមកកម្ពុជាវិញដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «យើងត្រូវការប្រទេសធំដែលមានលទ្ធភាព និងមានវិស័យកីឡារីកចម្រើន ដើម្បីស្រូបយកបទពិសោធន៍ និងជំនាញបន្ថែមទៀត ដល់ការលើកកម្ពស់កម្រិតការយល់ដឹងខាងផ្នែកកីឡារបស់កម្ពុជាយើង»។
សូមបញ្ជាក់ថា ខេត្តហ៊ូណានជាខេត្តដែលទទួលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់ត្រៀមស៊ីហ្គេម ក្រោមមូលនិធិជួយការហ្វឹកហាត់ ដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន៕