![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMXZBQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0091ce99c80903e4ec93ed29df14638323951d23/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/A3C39523-6487-436C-BF3E-DFBE26F.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMWpBQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c524e4d811a29f190630aef9ce1640e66868e99d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/ADDB9971-BFD1-4466-A712-C54708D.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMWZBQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b546057fca23526631913d114a7f3e0a4eef91cf/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/F32B6D58-06AF-40EC-85F8-6F54A09.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMXJBQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e501842fb553d893ea211917e10b17826d6a85b4/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/FDD0A022-AE94-4D4D-AA8D-2C39A0D.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMW5BQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--eca0cdf6df552d3b32bef8de1b8239386b42cd07/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/5A567B43-E6CC-4AA5-B4CE-D6B2B51.jpeg)
ក្រុមកីឡាវ៉ូវីណាមកម្ពុជាបានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក អុឹម លាំងឈុង ដែលជាកីឡាករឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម លើវិញ្ញាសា សម្តែងក្រុមបុរស ៤នាក់ មេគុនអាវុធ បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នេះគឺជាលើកទី មួយហើយ ដែលលោកបានចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ទទួលបានមេដាយមាស លើប្រភេទកីឡាវ៉ូវីណាម។ លោកបន្តថា ទោះបីជាកន្លងមក លោកធ្លាប់ទទួលបានមេដាយ មាស ប្រាក់និងសំរិទ្ធជាច្រើនរួចហើយក៏ដោយ ប៉ុន្តែលើកនេះ លោកពិតជាអារម្មណ៍សប្បាយរីករាយជាខ្លាំង
ក្នុងការឈ្នះបានមេដាយមាសនេះ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ ហើយនេះក៏ជាមោទនភាពមួយ សម្រាប់ជូនជាតិ ជូនប្រជាជនកម្ពុជាជាង១៦លាននាក់ ក៏ដូចជាថ្នាក់ដឹកនាំ ជូនលោកគ្រូ អ្នកគ្រូ និងខ្លួនឯងផងដែរ។ លោកក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ខណៈដែលរយៈពេលជិត១០ឆ្នាំ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការហ្វឹកហាត់ ដើម្បីតែការប្រកួតមួយនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ហើយក៏ជាប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងផងដែរ ក្នុងការទទួលបានមេដាយមាសនាពេលនេះ។
«ខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ដែលបានចូលរួមប្រកូតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះលើកទីមួយ ហើយម្យ៉ាងវិញទៀតវាក៏ជាប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងផងដែរ ដែលទទួលបានមេដាយមាស ខ្ញុំពិតជារំភើបខ្លាំង ព្រោះការខិតខំប្រឹងប្រែងហាត់រៀនសម្រាប់ព្រឹត្តិការណ៍មួយនេះ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយចំណាយទាំងពេលវេលា និងកម្លាំង នៅឆ្ងាយពីក្រុមគ្រួសារ ដើម្បីទៅហ្វឹកហាត់ទាំងក្នុងប្រទេសនិងក្រៅប្រទេស។»
ដោយឡែកកញ្ញា ពៅ សុខា កីឡាការិនីវ៉ូវីណាមកម្ពុជា ឈ្នះបានមេដាយមាស ក្នុងវិញ្ញាសាសម្តែង ប្រុស៣នាក់ នារី៣នាក់ ដោយឈ្នះ វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ក៏បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំង ដែលឈ្នះបានមេដាយមាស នៅក្នុងស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលជាការនាំយកនូវកេរ្តិ៍ឈ្មោះ កិត្តិយស ជូនប្រជាជនកម្ពុជាផងដែរ ៕