ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំការងារត្រៀមពិធីបុណ្យវិសាខបូជា នៅជើងភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សាលាសំណាក់ នៅជើងភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំការងារត្រៀមពិធីបុណ្យវិសាខបូជា ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ពិធីបុណ្យវិសាខបូជា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រារព្ធធ្វើនៅជើងភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
សូមបញ្ជាក់ផងដែរថា៖ នៅខេត្តកណ្ដាលជារៀងរាល់ឆ្នាំ ពិធីបុណ្យវិសាខបូជា តែងតែប្រារព្ធធ្វើនៅជើងភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ជាអម្ចាស់ ៖ ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង ទ្រង់បរិនិព្វាន។