ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ទោះបីជាប្រទេសមានសុខសន្តិភាព ក៏រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខ​ជីវភាពរបស់​កងកម្លាំង​ជួរមុខជានិច្ច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង ប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរសេនាតូចលេខ៨២៧ វរសេនាតូចលេខ២៦៩ និង គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ដែលឈរជើងនៅភូមិសាស្រ្ដ ខេត្តកោះកុង និងបានរៀបចំនៅក្នុងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ស្ថិត ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា .ខេត្តកោះកុង នាព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលបានខិតខំ បំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួម យ៉ាងសកម្មក្នុង ការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍ គ្រោះមហន្តរាយនានា។

សម្តេចបានមានប្រសាសន៍ថា នេះជាលើកទី១១ ហើយដែលក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងក្រុមហ៊ុន គូហ៊ូ ឡុង រួមជាមួយវិស័យឯកជនផ្សេងទៀត បានចុះមកសំណេះសំណាល ដល់កងកម្លាំង ដែលឈរជើងនៅភូមិសាស្រ្ដខេត្តកោះកុងនាថ្ងៃនេះ។

សម្តេចបានបន្តទៀតថា បើទោះបីកម្ពុជាមានសុខសន្តិភាព ក៏រាជរដ្ឋាភិបាលនៅ តែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច ជាពិសេស កងកម្លាំងដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ដែលនេះជាការ ឆ្លុះបញ្ចាំង ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះកង កម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី មាតុភូមិកម្ពុជានៃយើង។

នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានដោះស្រាយតាមសំណូមពរ របស់អង្គភាពនគរបាលជាតិ វរសេនាតូចលេខ៨២៧ និងវរសេនាតូចលេខ២៦៩ ក្នុងការ ជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាពទាំងពីរ និងបាននាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគជូនដល់អង្គភាពចំនួនបីរួមមាន៖ អង្ករ ២០តោន ត្រីខ ៧០កេស មីជាតិ ៣០០កេស ទឹកត្រី ២០០កេស ទឹកស៊ីអ៊ីវ ២០០កេស ត្រីងៀត ៣០គីឡូក្រាម ថ្នាំពេទ្យ ១៥កេស កុំព្យូទ័រ ១គ្រឿង ម៉ាស៊ីនព្រីនធ័រ ១គ្រឿង ឧបត្ថម្ភ អង្គភាពនគរបាលជាតិ វរសេនាតូចលេខ ៨២៧ ចំនួន២៨លានរៀល និង ៧ពាន់ដុល្លារ ឧបត្ថម្ភ អង្គភាពវរសេនាតូចលេខ២៦៩ ចំនួន២០លាន រៀល និង៣ពាន់ដុល្លារ និងអង្គភាពកងកម្លាំងប្រចាំការ នៅទិសភូមិភាគ៣ ចំនួន២លានរៀល និងឧបត្ថម្ភដល់កងកម្លាំង៣៣៧ នាក់ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល៕