ព័ត៌មានជាតិ

ដីឡូតិ៍លំនៅឋាន និងផ្ទះ ចំនួន១១៥ខ្នង ប្រគល់ជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណៈ និង និវត្តន៍ជន ដែលមានគុណបំណា់ចំពោះជាតិមាតុភូមិ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២៤​នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋាន ចំនួន១១៥ខ្នង ជូនកងទ័ព នគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅភូមិថ្លុកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានសមាគមអតីតយុទ្ធជន។
ក្នុងពិធីនោះដែរ សម្តេច ម៉ែន សំអន បានស្នើដល់ លោក លោកស្រី និងគ្រួសារ អតីតយុទ្ធជន ត្រូវរៀបចំគ្រួសារ ភូមិករ ផ្ទះសម្បែង ឱ្យបានសមរម្យ និងធ្វើការបង្ករបង្កើតផល ចិញ្ចឹមសត្វឲ្យបានគ្រប់ក្រុមគ្រួសារបន្ទាប់ពី ទទួលបានដី និងផ្ទះពីរាជរដ្ឋាភិបាលផ្ដល់ជូននៅថ្ងៃនេះ។
សម្តេចបានបញ្ជាក់ថា ការចែកផ្តល់ផ្ទះ និងដីជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន នៅថ្ងៃនេះ គឺជាការឆ្លើយតបនូវគុណបំណាច់ របស់រាជរដ្ឋាភិបាល ជូនចំពោះបងប្អូនអតីតយុទ្ធជនយុទ្ធនារីដែលបានបូជាអាយុជីវិតកម្លាំងកាយចិត្តក្នុងបុព្វហេតុការពារប្រទេសជាតិរកសន្តិភាពជូនប្រទេសជាតិនិងពលរដ្ឋរហូតដល់មានអ្នកខ្លះស្លាប់បាត់បង់ចោលគ្រួសារ ប្រពន្ធ កូន ចៅ ឱ្យនៅកំព្រាឯកោរហូតមកដល់ពេល។
សម្ដេចបានបញ្ជាក់ថា គោលនយោបាយលើកកំពស់ជីវភាពរបស់អតីតយុទ្ធជន យុទ្ធនារី គ្រួសារអតីតយុទ្ធជន គ្រួសារពលី គ្រួសារនិវត្តជន តាមរយៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានសម្តេច គិតគូរផ្ដល់ជូនជាបន្ទាប់បន្ទាប់នៅទូទាំងប្រទេសឡែកខេត្តស្វាយរៀងរហូតមកដល់ពេលនេះ សម្ដេចបានផ្ដល់ផ្ទះរួចរាល់ហើយគិតទាំងថ្ងៃនេះបានជាង ៥០០ ខ្នង ខណៈដែល អតីត យុទ្ធជនដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែនត្រូវបានក្រុមការងារផ្ដល់ដីសម្រាប់ ប្រើប្រាស់បម្រើជីវភាពបន្ថែមលើគោលរបបដែលបានផ្ដល់នាបច្ចុប្បន្ន។
ក្នុងពេលចាប់ឆ្នោតយកលេខផ្ទះ តំណាងអតីតយុទ្ធជននិងគ្រួសារនិវត្តន៍ជនបានគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្ស និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលសម្ដេចបានផ្ដល់ផ្ទះនិងដីឲ្យពួកគាត់រស់នៅបានសមរម្យនិងអាស្រ័យផល៕