ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលេីកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលេីកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសេី​រ ជាពិសេសរក្សាបាននូវសន្តិសុខសុវត្ថិភាពល្អក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក ប្រព្រឹត្តិទៅដោយរលូន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់មូលដ្ឋានត្រូវបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងសហការបង្ក្រាបរាល់ក្មេងទំនើងទាំងអស់ដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។បន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ និងត្រូវពិនិត្យតាមដានបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនទន្ទឹមនោះត្រូវខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។

ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកជម្រុញដល់បណ្ដាមន្ទីរអង្គភាពជំនាញអាជ្ញាធរក្រុង-ស្រុក ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតឲ្យបានផុលផុសតាមដែនសមត្ថកិច្ចជំនាញរបស់ខ្លួនរៀងៗខ្លួនដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកនីមួយៗ ត្រូវតាមដានឱ្យបានគ្រប់ជ្រុងដោយរាយការណ៍ពីការវិវត្តន៍របស់ទូក-ដ នៅតាមមូលដ្ឋានរៀងៗខ្លួន ដោយរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីតាមដានពីបទដ្ឋានបច្ចេកទេសនៃទូក-ដ ដែលត្រូវដាក់ឲ្យប្រើប្រាស់ឲ្យស្របតាមស្តង់ដា តើម្ចាស់អាជីវកម្មណាខ្លះដែលបានអនុវត្តន៍តាម ឬអនុវត្តន៍បានដល់កម្រិតណាដើម្បីបញ្ជៀស​ហា​នី​ភ័យ​ដែលកើតមានឡើងជាយថាហេតុ៕